trollkhmer news

វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១១:២២

វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦៖៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។



សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មែក ភីន អាយុ ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ។



សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សាកសំពៅ បានសហការជាមួយកម្លាំងជំនាញ នៃអធិការខណ្ឌដង្កោ បានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព និងកញ្ចក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី។

តាមសាច់ញាតិសពបុរសខាងលើ បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសង់ សេរី ២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី ១៦ ខែតុលា ស្រាប់តែសមត្ថកិច្ចទាក់ទងមកថា ជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ។

ក្រោយពិនិត្យរួចរាល់ និងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីវៃសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះម៉ូតូចេញពីផ្ទះ ហើយខណៈនេះដែរ សមត្ថកិច្ចជំនាញខណ្ឌដង្កោ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕


ប្រភព​ : freshnews