trollkhmer news

ប្រជាជនប្រមាណ ១០០,០០០ នាក់ កំពុងភៀសខ្លួនចេញពីផ្ទះសម្ដែង ខណៈទួរគីវាយប្រហារកងជីវពលឃឺដ

ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៥

ប្រជាជនប្រមាណ ១០០,០០០ នាក់ កំពុងភៀសខ្លួនចេញពីផ្ទះសម្ដែង ខណៈទួរគីវាយប្រហារកងជីវពលឃឺដ

អង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រជាជនប្រមាណ ១០០.០០០ នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងជើងស៊ីរី ខណៈទួរគីកំពុងវាយប្រហារឆ្លងព្រំដែនរបស់ខ្លួនទៅលើតំបន់ដែលកាន់កាប់ដោយឃឺដ។ យូអិនបានបន្តឱ្យដឹងថា ប្រជាជនជាច្រើនកំពុងជ្រកកោននៅតាមសាលារៀន ឬអគារផ្សេងទៀតនៅក្នុងទីក្រុងហាសាដ និងទីក្រុងតាលតាមឺរ។



ទួរគីបានចាប់ផ្ដើមធ្វើសកម្មភាពវាយប្រហារកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានដកកងទ័ពអាមេរិកចេញពីតំបន់នោះ។ យ៉ាងហោចណាស់ជនស៊ីវិល ១១ នាក់បានស្លាប់។ ក្រុមមនុស្សធម៌បានឱ្យដឹងថា ចំនួនប្រជាជនដែលរងផលប៉ះពាល់នឹងកើនឡើងបន្ថែមទៀត។ សកម្មប្រយុទ្ធរាប់សិបនាក់មកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃឺដ (SDF) និងក្រុមគាំទ្រប្រទេសទួរគី ជាច្រើននាក់បានបាត់បង់ជិវិត។ ហើយនេះ គឺជាការស្លាប់លើកទីមួយរបស់ទាហានទួរគីដែលបានបញ្ជាក់ដោយយោធាទួរគី។ ក្រុមអ្នកវិភាគនិយាយថា ការដកវត្តមានកងទ័ពសហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវឱ្យទួរគីចាប់ផ្តើមប្រតិបត្តិការវាយប្រហាររបស់ខ្លួន។ 



កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ប៉ុន្តែទួរគីចាត់ទុកកងជីវពលឃឺដនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីថាជាភេរវករដែលគាំទ្រការបះបោរប្រឆាំងនឹងទួរគី។

ទួរគី បាននិយាយការពារការប្រតិបត្តិការសឹករបស់ខ្លួនថា ខ្លួនធ្វើបែបនេះ គឺដើម្បីបង្កើតតំបន់មានសុវត្ថិភាពដោយគ្មានវត្តមានកងជីវពលឃឺដដែលអាចឱ្យជនភៀសខ្លួនស៊ីរីរស់នៅទីនោះផងដែរ។ យ៉ាងណាមិញ កង្វល់ដ៏ធំមួយសម្រាប់សហគមន៍អន្តរជាតិ គឺជោគវាសនារបស់អ្នកទោស IS ដែលគេដឹងថា មានចំនួនរាប់ពាន់នាក់រួមទាំងជនជាតិបរទេសជាច្រើននាក់ កំពុងឃុំខ្លួនដោយកងកម្លាំងដឹកនាំដោយឃឺដនៅក្នុងតំបន់៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC