trollkhmer news

នារីក្រមុំម្នាក់លង់ទឹកស្លាប់ តែគ្រួសារមិនសុខចិត្ត ព្រោះសង្ស័យជា ករណីឃាតកម្ម

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៤:៤២

នារីក្រមុំម្នាក់លង់ទឹកស្លាប់ តែគ្រួសារមិនសុខចិត្ត ព្រោះសង្ស័យជា ករណីឃាតកម្ម

ភ្នំពេញ៖ នារីក្រមុំម្នាក់បានលង់ទឹកស្លាប់ តែខាងគ្រួសារមិនសុខចិត្តព្រោះសង្ស័យថា «ជាករណីឃាតកម្ម» ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៩ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មានទីតាំងស្ថិតក្នុងដីឡូតិ៍មួយកន្លែង តាមបណ្ដោយផ្លូវលំភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពឈ្មោះ ពេជ្រ នាងហេង អាយុ ១៧ឆ្នាំ មុខរបរជាអ្នកដាំបាយនៅទីតាំងកើតហេតុខាងលើ មានទីលំនៅផ្ទះលេខ១៤៣H ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។



ប្រភពពត៌មានពីបុរសម្នាក់ ដែលចុះជួយបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះទូកលេងនៅក្នុងស្រះខាងលើជាមួយកូនស្រីរបស់គាត់ តែមួយសន្ទុះក្រោយមកប្រពន្ធ របស់គាត់បានហៅកូន ដែលជិះទូកជាមួយនារីរងគ្រោះ។ ភ្លាមៗនោះក្មេងស្រីខាងលើ បានលោតចុះពីទូកហែលឡើងគោកតែម្ដង។



លុះមួយសន្ទុះក្រោយមកក្មេងស្រីខាងលើ បានរត់មកវិញក៏ឃើញនារីដែលជិះទូកម្នាក់ឯង បានលោតចូលក្នុងទឹក ដោយមិនឃើញងើបមកវិញសោះ ក្មេងស្រីខាងលើបានរត់ទៅហៅឪពុករបស់គេ ដោយនិយាយថាបងស្រីលោតចូលទៅក្នុងទឹក មិនងើបមកវិញសោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហៅអ្នកជិតខាងឲ្យជួយចុះទឹកដើម្បីស្វែងរកនារីរងគ្រោះអស់រយៈពេលកន្លះម៉ោងទើបរកឃើញ ក៏បញ្ជូនទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ។ តែដោយសារសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែក សម្ដេចឪសម្ដេចម៉ែ ក៏ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម។

នៅពេលដែលក្រុមគ្រួសាររបស់នារីរងគ្រោះ បានមកដល់ដោយសភាពសពអាក្រាតកាយពាក់តែអាវ ក៏មានសង្ស័យថាបើកករណីលង់ទឹក ហេតុអ្វីបានជាកូនស្រីរបស់គាត់មានអាវអត់ខោទៅវិញ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង ពេញពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែ រហូតដល់សមត្ថកិច្ចធ្វើការឃាត់បុរសបីនាក់ ដើម្បីធ្វើការសាកសួរនាំផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនបុរសទាំងបី និងកំពុងតែធ្វើការសាកសួរអំពីហេតុការណ៍នេះ។ ដោយឡែកសពត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ និងកំពុងតែធ្វើការត្រួតពិនិត្យផងដែរ៕


ប្រភព​ : freshnews