trollkhmer news

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចអនុញ្ញាតឲ្យធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់១៥០០០រៀល ដែលទើបបោះពុម្ពថ្មី

ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចអនុញ្ញាតឲ្យធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់១៥០០០រៀល ដែលទើបបោះពុម្ពថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជា នូវក្រដាសប្រាក់រៀល ប្រភេទ ១៥០០០រៀល ដែលទើបចេញថ្មី។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៧ ខែតុលានេះ។



ការសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។



ជាមួយគ្នានេះក្នុងអនុក្រឹត្យ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ប្រភេទ ១៥០០០រៀលថ្មីនេះ ផងដែរ។

សូមជម្រាបថា នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី ១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕


ប្រភព​ : freshnews