trollkhmer news

ឃាតកម្មដ៏ព្រៃផ្សៃ កាត់សពជនជាតិចិនជាបីកំណាត់ នៅខេត្តព្រះសីហនុ ពេលនេះឃាតកជាជនជាតិចិនដូចគ្នាត្រូវចាប់ខ្លួន

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១២:០៧

ឃាតកម្មដ៏ព្រៃផ្សៃ កាត់សពជនជាតិចិនជាបីកំណាត់ នៅខេត្តព្រះសីហនុ ពេលនេះឃាតកជាជនជាតិចិនដូចគ្នាត្រូវចាប់ខ្លួន

ព្រះសីហនុ៖ ឃាតកម្មដ៏ព្រៃផ្សៃលើជនជាតិចិនម្នាក់ ដែលត្រូវឃាតកកាប់ជា ៣កំណាត់ ហើយយកទៅបោះចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះជនដៃដល់ ដែលជាជនជាតិចិនដូចគ្នា ត្រូវកម្លាំងនគរបាលតាមស្រាវជ្រាវ និងបង្ក្រាបបានហើយ។ ជនដៃដល់ជាអ្នករកស៊ីដូរលុយ ហើយរៀបចំគម្រោងប្លន់លុយ របស់ជនរងគ្រោះ ដែលយកទៅប្ដូរចំនួន៧ម៉ឺនដុល្លារ។



លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩នេះថា ក្រោយមានហេតុការណ៍នេះកើតឡើង និងបន្ទាប់ពីធ្វើការពិនិត្យសាកសព ប្រមូលភស្តុតាងកន្លែងកើតហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវយកចិត្តទុកដាក់យ៉ាងស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី ១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។



លោកស្នងការរងបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ WU CHENGHUI ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខ ED7591553 ដែលសាកសពរបស់ជនរងគ្រោះត្រូវបានកាត់ជា ៣កំណាត់ ដោយកំណាត់ទី១៖ ពីក្បាលដល់ចង្កេះ, កំណាត់ទី២៖ ពីចង្កេះដល់ជង្គង់ និងកំណាត់ទី៣៖ ពីជង្គង់ដល់បាតជើង។ ជនសង្ស័យឈ្មោះ ZHOU YA YUN អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។



ករណីនេះជនសង្ស័យបានសារភាពថា កើតឡើងដោយសារ ជនរងគ្រោះបានទំនាក់ទំនងជនសង្ស័យដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន ៧០,០០០ដុល្លារ លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅហាងប្តូរប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ ទៅឲ្យជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។



បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះ ជា០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោល នៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់៖

*ទី១៖ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ
*ទី២៖ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៣៖ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។



បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


ប្រភព​ : freshnews