trollkhmer news

រថយន្ដដឹកដីបុករះ រថយន្ដពីរគ្រឿង នៅរង្វង់មូលស្គន់ ស្រុកជើងព្រៃ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស (មានវីដេអូ)

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:១៥

រថយន្ដដឹកដីបុករះ រថយន្ដពីរគ្រឿង នៅរង្វង់មូលស្គន់ ស្រុកជើងព្រៃ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស (មានវីដេអូ)

(កំពង់ចាម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដោយរថយន្ដដឹកដីមួយគ្រឿង បានបុករះពេញទំហឹងទៅលើរថយន្ដ២គ្រឿង និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស នៅចំណុចរង្វង់មូលស្គន់ ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។



សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (បែន) ពាក់ស្លាកលេខភ្នំពេញ 3A-2543 បើកបរដោយឈ្មោះ ចាប ឡាក់សែ អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-3274 បើកបរដោយឈ្មោះ ផល ចំណាន អាយុ ២៦ឆ្នាំ មានទីលំនៅភូមិជាំតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។



បន្ទាប់មករថយន្ដនោះបានរុញផ្ទុបបុកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1P-0453 បើកបរដោយឈ្មោះ ទូច ហ៊ួយ ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងឈប់លើចិញ្ចើមផ្លូវ និងបុកថ្មើរជើង កំពុងឈរជាមួយម៉ូតូឈ្មោះ ហ៊ាន សុខលី ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (លក់ចង្រិត)។



ហើយបន្តទៅបុករថយន្តម៉ាកសាំ យ៉ុងខាងមុខ កំពុងឈប់ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AD-9510 បើកបរដោយឈ្មោះ ឈាង ប៊ុនធឿន អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។



របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាអ្នកលក់ចង្រិត ឈ្មោះ ទូច ហ៊ូយ និងរបួសម្នាក់, ខូចខាចរថយន្ត ៣គ្រឿង កម្រិតស្រាល និងម៉ូតូ ១គ្រឿងកម្រិតស្រាល។ មូលហេតុ ដោយសារលក្ខណៈបច្ចេកទេសហ្វ្រាំងមិនស៊ី បង្កដោយរថយន្តហ៊ីយ៉ាន់ដាយបែន។

ក្រោយកើតហេតុ អ្នកបង្កបើករថយន្តបង្ក ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកំពុងបន្តនីតិវិធី៕

មានវីដេអូខាងក្រោមនេះ៖


ប្រភព​ : freshnews