trollkhmer news

អាជ្ញាធរជាតិអប្សរា ចាត់វិធានការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:២៧

អាជ្ញាធរជាតិអប្សរា ចាត់វិធានការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានប្រកាសប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរត្រូវបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិន្ទុប្រាសាទអង្គរវត្ត។



អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្នមានអាជីវករ និងភ្ញៀវទេសចរមួយចំនួន បានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ។



សកម្មភាពទាំងនេះ បានប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈនៃរមណីយដ្ឋានអង្គរផងដែរ។



កន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនេះ ប៉ុន្តែនៅតែមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍បុគ្គលជាចម្បង។



ក្នុងន័យនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិអាជ្ញាធរជាតិអប្សរា សូមឱ្យអាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត ដោយទុករយៈពេល ៤៥ថ្ងៃ (សែសិបប្រាំថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ករណីអាជីវករ និងភ្ញៀវទេសចរនៅតែបន្តសកម្មភាពទាំងនេះ គណៈកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអង្គរ នឹងអនុវត្តវិធានការរដ្ឋបាល រឹបអូសសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ៕





ប្រភព​ : freshnews