trollkhmer news

បុរសម្នាក់ត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូដេញវាយបណ្ដាលឲ្យបែកក្បាលហូរឈាមដេកស្លាប់ផ្កាប់មុខ

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:២៥

បុរសម្នាក់ត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូដេញវាយបណ្ដាលឲ្យបែកក្បាលហូរឈាមដេកស្លាប់ផ្កាប់មុខ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូដេញវាយបណ្ដាលឲ្យ បែកក្បាលហូរឈាមដេកស្លាប់ផ្កាប់មុខ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានបង្កឲ្យមានការផ្ញាក់ផ្អើល ឡើងនៅវេលាម៉ោងជាង១យប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះៗ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។



សពនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយភិនភាគសពស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវក្រឡាពណ៌ស លាយទឹកខ្មៅ។ មធ្យោបាយធ្វើដំណើរម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-5317។



ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ បានលឺសំឡេងស្រែកឡូឡា និងស្រែកហៅឲ្យជួយផងភ្លាមៗនោះគាត់បានចេញទៅមើលក៏ឃើញមានមនុស្សមួយក្រុម ជិះម៉ូតូ ៤ ទៅ ៥គ្រឿង និងខ្លះទៀតកំពុងតែរត់ដេញវៃជនរងគ្រោះបណ្ដាលឲ្យដួលផ្កាប់មុខ រួចក៏ជនបង្កទាំងអស់ បាននាំគ្នាឡើងជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង។



បន្ទាប់ពីគេចខ្លួនចេញអស់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននាំគ្នារត់ទៅមើល ក៏ប្រទះឃើញបុរសរងគ្រោះដេកស្លាប់ផ្កាប់មុខ និងបែកក្បាលហូរឈាមយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចំណែកឯម៉ូតូរបស់ជនរងគ្រោះវិញ គេប្រទះឃើញនៅក្នុងព្រៃ រងការខូចយ៉ាងដំណំ ប្រជាពលរដ្ឋឃើញដូចនេះ ក៏ធ្វើការផ្ដល់ដំណឹងទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមករួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ ឲ្យចុះមកធ្វើការត្រួតពិនិត្យសាកសព ស្វែងរកអត្តសញ្ញាណរបស់ជនរងគ្រោះ និងអត្តសញ្ញាណជនបង្ក ដើម្បីធ្វើស្វែងរក និងតាមចាប់ខ្លួនយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ៕


ប្រភព​ : freshnews