trollkhmer news

ប្រុងប្រយ័ត្ន! បាក់ស្រុតផ្លូវជាតិលេខ៤៥ នៅឃុំរាម ស្រុកព្រៃនប់ ចន្លោះគីឡូម៉ែត្រលេខ៧-៨ ដោយសារជំនន់ទឹកភ្លៀង

ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៣:៤១

ប្រុងប្រយ័ត្ន! បាក់ស្រុតផ្លូវជាតិលេខ៤៥ នៅឃុំរាម ស្រុកព្រៃនប់ ចន្លោះគីឡូម៉ែត្រលេខ៧-៨ ដោយសារជំនន់ទឹកភ្លៀង

ព្រះសីហនុ៖ ទឹកជំនន់ទឹកភ្លៀងបានហូរច្រោះ ធ្វើឱ្យបាក់ផ្លូវមួយចំហៀង លើផ្លូវជាតិលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមការផ្សាយរបស់ លេខាធិការដ្ឋានមូលដ្ឋានសមុទ្រ។



ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤៥ នៅចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវមានការប្រុងប្រយ័ត្ន ដោយសារទឹកជំនន់ទឹកភ្លៀង បានទឹកហូរច្រោះបាក់ផ្លូវនេះ អស់មួយចំហៀង។ បច្ចុប្បន្ននេះ កងកម្លាំងមូលដ្ឋានសមុទ្រកងទ័ពជើងទឹកកំពុង ធ្វើការជួសជុល។



លេខាធិការដ្ឋានមូលដ្ឋានសមុទ្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យធ្វើដំណើរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់។



សូមបញ្ជាក់ដែរថា ក្រុងព្រះសីហនុបានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យលិចនៅតំបន់មួយចំនួនដូចជា នៅជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត ក្នុងសង្កាត់លេខ៤៕




ប្រភព​ : freshnews