trollkhmer news

ភ្លៀងមួយមេធំយប់មិញ ធ្វើឱ្យតំបន់ខ្លះនៃក្រុងព្រះសីហនុជន់លិចយ៉ាងខ្លាំង (មានវីដេអូ)

ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:១៤

ភ្លៀងមួយមេធំយប់មិញ ធ្វើឱ្យតំបន់ខ្លះនៃក្រុងព្រះសីហនុជន់លិចយ៉ាងខ្លាំង (មានវីដេអូ)

ព្រះសីហនុ៖ ក្រុងព្រះសីហនុបានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យលិចនៅតំបន់មួយចំនួនដូចជា នៅជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត ក្នុងសង្កាត់លេខ៤។



ទឹកដែលហូរមិនទាន់នេះ បានលិចតាមដងផ្លូវ និងលិចចូលក្នុងផ្ទះប្រជាពលរដ្ឋយ៉ាងជ្រៅ។ យោងតាមវីដេអូឡាយនៅលើបណ្តាញសង្គម Facebook គេបានឃើញប្រជាពលរដ្ឋបានដើរទៅរកទីទួលសុវត្ថិភាព មិនបានសម្រាននោះឡើយ។ ខណៈទ្រព្យសម្បត្តិប្រើប្រាស់ផ្សេងៗ រួមទាំងរថយន្ត ម៉ូតូ ត្រូវទឹកជន់លិចបណ្តាលឱ្យខូចខាតផងដែរ។



នៅយប់មិញនេះទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានចេញជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងជួយជម្លៀសប្រជាពលរដ្ឋផងដែរ។ មកដល់ព្រឹកនេះក្រៅតែពីការខូចខាតទ្រព្យសម្បត្តិ មិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ។



មន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកអស់ហើយ តែនៅតំបន់មួយចំនួនក៏ស្រកមិនទាន់អស់នៅឡើយ៕




ប្រភព​ : freshnews