trollkhmer news

តើចូលមកតាមណា? សំណល់សំរាម ៨៣ទូកុងតឺន័រ ត្រូវបានគេនាំចូលពីបរទេសមកកម្ពុជា

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៤៤

តើចូលមកតាមណា? សំណល់សំរាម ៨៣ទូកុងតឺន័រ ត្រូវបានគេនាំចូលពីបរទេសមកកម្ពុជា

ភ្នំពេញ៖ កុងតឺន័រចំនួន៨៣ទូ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាននៅខេត្តព្រះសីហនុ។



កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រទាំងអស់នោះដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។ 



មជ្ឈដ្ឋានទូទៅបានសម្តែងការងឿងឆ្ងល់ថា តើកប៉ាល់ដែលដឹកកុងតឺន័រចំនួន៨៣ទូ ដែលមានផ្ទុកកាកសំណល់សំរាមនាំមកពីបរទេសនេះ ចូលមកដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយរបៀបណា? ហេតុអ្វីបានជាខាងជំនាញពាក់ព័ន្ធមិនបានដឹង?។ ប៉ុន្តែចម្ងល់នេះត្រូវបានមន្ត្រីកំពង់ផែស្វយ័តអះអាងថា កុងតឺន័រចំនួន៨៣ទូ គឺមិនទាន់បានឆ្លងកាត់គយទេ (មិនទាន់ប្រកាសគយ) ដោយទម្លាក់ពីកប៉ាល់មក គឺនៅទីលានកំពង់ផែនៅឡើយ។



គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា «រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕





ប្រែសំរួលដោយ : TK