trollkhmer news

មនុស្ស ៩នាក់ ស្លាប់ ខណៈយន្ដហោះធ្លាក់ក្នុងអំឡុងដំណើរកម្សាន្តលោតឆ័ត្រយោងក្នុងប្រទេសស៊ុយអែត

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:១១

មនុស្ស ៩នាក់ ស្លាប់ ខណៈយន្ដហោះធ្លាក់ក្នុងអំឡុងដំណើរកម្សាន្តលោតឆ័ត្រយោងក្នុងប្រទេសស៊ុយអែត

អាជ្ញាធរស៊ុយអែត បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពលរដ្ឋស៊ុយអែត ៩នាក់ បានស្លាប់ ខណៈយន្តហោះរបស់ពួកគេ បានធ្លាក់ ក្នុងអំឡុងដំណើរកម្សាន្តលោតឆ័ត្រយោង នៅជិតទីក្រុងUmea ភាគខាងជើងប្រទេសស៊ុយអែត។



អ្នកនាំពាក្យប៉ូលិស លោក Peder Jonsson បានឱ្យដឹងថា យន្តហោះធុនតូចដឹកអ្នកលោតឆ័ត្រយោងបានធ្លាក់នៅលើកោះមួយ ក្នុងទន្លេ Ume បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋាន Umea។ អ្នកនាំពាក្យប៉ូលិស លោក Peder Jonsson បានបន្ថែមថា អ្នកនៅលើយន្តហោះ កំពុងស្ថិតក្នុងដំណើរកម្សាន្តលោតឆ័ត្រយោង។

 

ប៉ូលិស បានបន្តថា ជនរងគ្រោះទាំងអស់ គឺជាជនជាតិស៊ុយអែតដោយក្នុងនោះ មានម្នាក់ មានសញ្ជាតិពីរ។ យ៉ាងណាក៏ដោយ ឈ្មោះជនរងគ្រោះមិនត្រូវបានគេបញ្ចេញឱ្យដឹងនៅឡើយទេ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven បាននិយាយថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធ ខណៈពួកគេធ្វើការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់យន្តហោះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters