trollkhmer news

ពលរដ្ឋកាណាដាម្នាក់ ត្រូវបានចិនចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៧:២៣

ពលរដ្ឋកាណាដាម្នាក់ ត្រូវបានចិនចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ចិន៖ ក្រសួងការបរទេសចិន បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប៉ូលិសចិន បានឃុំខ្លួនពលរដ្ឋកាណាដាម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ការចាប់ខ្លួននេះ ធ្វើឡើងចំពេលមានទំនាក់ទំនងមិនល្អរវាងប្រទេសទាំងពីរ។

រដ្ឋាភិបាលកាណាដាបានឱ្យដឹងកាលពីចុងសប្តាហ៍ថា ពលរដ្ឋកាណាដាម្នាក់ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Yantai ប្រទេសចិន នៅខេត្ត Shandong ភាគខាងកើត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។



អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្ត Shandong បានរកឃើញករណីនិស្សិតបរទេសជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដែលម្នាក់ក្នុងចំណោមនោះ ជាជនជាតិកាណាដា។ រីឯស្ថានទូតអង់គ្លេស ក៏បានឱ្យដឹងកាលពីសប្តាហ៍មុនថា ពលរដ្ឋអង់គ្លេស ៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តជាំងស៊ូ។ 



ទំនាក់ទំនងរវាងចិន និងកាណាដា បានធ្លាក់ចុះ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីប៉ូលិសនៅក្នុងទីក្រុង Vancouver បានចាប់ខ្លួន លោកស្រី ម៉េងវ៉ាន់ជូវ ប្រធានហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei តាមដីកាបង្គាប់របស់សហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំង កំពុងទាមទារឱ្យដោះលែងលោកស្រី ត្រលប់ទៅវិញ។

បន្ទាប់ពីកាណាដាបានចាប់ខ្លួនលោកស្រី ម៉េង ចិនបានចាប់ខ្លួនជនជាតិកាណាដាពីររូបដោយចោទប្រកាន់ពួកគេថា បានពាក់ព័ន្ធនឹងការលួចព័ត៌មានសម្ងាត់របស់រដ្ឋ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters