trollkhmer news

មេដឹកនាំហុងកុងប្រកាសថា ច្បាប់ធ្វើបត្យាប័ន បានស្លាប់ហើយ បន្ទាប់ពីមានមហាបាតុកម្ម

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:២២

មេដឹកនាំហុងកុងប្រកាសថា ច្បាប់ធ្វើបត្យាប័ន បានស្លាប់ហើយ បន្ទាប់ពីមានមហាបាតុកម្ម

ហុងកុង៖ មេដឹកនាំហុងកុង លោកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារនេះថា ច្បាប់ធ្វើបត្យាប័នដែលបានបង្កឱ្យមានវិបត្តិនយោបាយធំបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ បានស្លាប់ហើយ។ លោកស្រី បានសារភាពថា ការធ្វើការរបស់រដ្ឋាភិបាលទៅលើច្បាប់នេះ "បានបរាជ័យទាំងស្រុង"



សេចក្តីព្រាងច្បាប់ ដែលអនុញ្ញាតឱ្យពលរដ្ឋនៅហុងកុង ត្រូវបញ្ជូនទៅចិនដីគោកដើម្បីប្រឈមនឹងការកាត់ទោស បានបង្កឱ្យមានការតវ៉ាតាមដងផ្លូវ និងហិង្សាជាច្រើនលើក និងបានធ្វើឱ្យអតីតអាណានិគមអង់គ្លេសធ្លាក់ចូលទៅក្នុងភាពចលាចល។ 



នៅពាក់កណ្តាលខែមិថុនា លោក Lam បានឆ្លើយតប ទៅនឹងការតវ៉ា ដោយព្យួរច្បាប់នេះប៉ុន្តែនៅថ្ងៃអង្គារនេះ លោកស្រី បាននិយាយថា៖ "នៅតែមានការសង្ស័យអំពីភាពស្មោះត្រង់របស់រដ្ឋាភិបាល ឬការព្រួយបារម្ភថាតើរដ្ឋាភិបាលនឹងដំណើរការអនុម័តច្បាប់នេះឡើងវិញ”។  "ដូច្នេះខ្ញុំសូមបញ្ជាក់ម្តងទៀតនៅទីនេះមិនមានផែនការបែបនោះទេច្បាប់នេះបានស្លាប់ហើយ"

ការប្រកាសរបស់លោកស្រី Lam ហាក់ដូចជាបង្ហាញអំពីជ័យជម្នះរបស់ពលរដ្ឋដែលប្រឆាំងនឹងច្បាប់នេះប៉ុន្តែមិនទាន់ច្បាស់ថាតើវានឹងគ្រប់គ្រាន់ ធ្វើឱ្យពួកគេពេញចិត្ត ឬយ៉ាងណា។

ក្រុមបាតុករ ក៏បានអំពាវនាវឱ្យលោកស្រី Lam លាលែងពីតំណែង, ទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើសកម្មភាពរបស់ប៉ូលីសប្រឆាំងនឹងបាតុករ និងឱ្យរដ្ឋាភិបាលលុប ចោលការពិពណ៌នាអំពីការតវ៉ាដោយហិង្សាកាលពីថ្ងៃទី១២ ខែមិថុនាថាជាកុបកម្ម៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters