trollkhmer news

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់៖ ការរឹបអូសនាវាដឹកប្រេងរបស់ខ្លួនដោយអង់គ្លេស មិនខុសអីពីចោរប្លន់ទេ

ថ្ងៃទី ០៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:៤១

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់៖ ការរឹបអូសនាវាដឹកប្រេងរបស់ខ្លួនដោយអង់គ្លេស មិនខុសអីពីចោរប្លន់ទេ

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការរឹបអូសនាវាដឹកប្រេង អ៊ីរ៉ង់កាលពីសប្តាហ៍មុន គឺជាទង្វើគំរាមកំហែងមួយដែលនឹងមិនត្រូវអនុគ្រោះ ។



ទាហានម៉ារីនអង់គ្លេស បានរឹបអូសនាវាដឹកប្រេងនៅតំបន់ Gibraltar កាលពីថ្ងៃព្រហស្បតិ៍ដោយសង្ស័យថា កំពុងដឹកប្រេងទៅកាន់ប្រទេសស៊ីរី រំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ប៉ុន្តែអ៊ីរ៉ង់បដិសេធថា នាវានេះ មិនបាន ធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ជាសម្ព័ន្ធមិត្តរបស់ក្រុងតេអេរ៉ង់នោះទេ។

អាជ្ញាធរអង់គ្លេសបាននិយាយថា នាវានេះ អាចឃាត់ទុករហូតដល់ ១៤ថ្ងៃ។ មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ បានគំរាមកំហែងរឹបអូសកប៉ាល់អង់គ្លេស ជាការសងសឹកវិញ។



លោក Hatami បាននិយាយថា៖ "ឥឡូវនេះ យើងបានឃើញសកម្មភាពគំរាមកំហែងពីរដ្ឋាភិបាលអង់គ្លេសនៅតំបន់ Gibraltar ប្រឆាំងនឹងនាវាអ៊ីរ៉ង់" ។ "នេះគឺជាសកម្មភាពមិនត្រឹមត្រូវ និងខុសដែលសកម្មភាពនេះស្រដៀងទៅនឹងអំពើចោរកម្មតាមសមុទ្រ ... ប្រាកដណាស់ការប្លន់បែបនេះ នឹងមិនត្រូវអនុគ្រោះទេ"៕

ប្រែសំរួលដោយ : TK

ប្រភព​ : reuters