trollkhmer news

សមត្ថកិច្ចកំពុងស្វែងរកសពកម្មករនេសាទម្នាក់ ដែលបាត់ខ្លួននៅដែនសមុទ្រ ខេត្តកោះកុង

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៣

សមត្ថកិច្ចកំពុងស្វែងរកសពកម្មករនេសាទម្នាក់ ដែលបាត់ខ្លួននៅដែនសមុទ្រ ខេត្តកោះកុង

កោះកុង៖ កម្លាំងសមត្ថកិច្ច និងថៅកែទូកនេសាទលើដែនសមុទ្រ ខេត្តកោះកុង កំពុងស្វែងរកឃើញសាកសពកម្មករទូកម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ បើតាមការបញ្ជាក់របស់លោកអធិការ ស្រុកមណ្ឌលសីមា ការបាត់ខ្លួនកម្មករទូកនេសាទម្នាក់នេះ ពុំទាន់ដឹងមូលហេតុជាក់លាក់នៅឡើយទេ។



លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ច នៅមិនទាន់រកឃើញសព កូនដៃទូកនេសាទដែលធ្លាក់ទឹក កាលពីយប់ម៉ោង១២៖៥០នាទី ថ្ងៃទី២៥ ខែមិថុនានោះទេ។



ក្រោយពីមានប្រជាពលរដ្ឋឈ្មោះ ឡុញ ប៉ឺត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រាយការណ៍ព័ត៌មាន អំពីឧបទ្ទេវហេតុបាត់កម្មករម្នាក់ឈ្មោះ ង៉ែត ភេទប្រុស អាយុ៣១ឆ្នាំ ធ្លាក់ទឹកនៅចំណុចកោះក្រសា ឃុំភ្ញីមាស ស្រុកគិរីសាគរ។



អធិការនគរបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ថា លោកនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៃការបាត់ខ្លួនកម្មករនេសាទខាងលើនៅឡើយទេថា បណ្តាលមកពីជួបគ្រោះធម្មជាតិព្យុះភ្លៀង ឬជាអំពើឃាតកម្មសម្លាប់វាយទម្លាប់ទឹក ដោយគិតមកទាល់ម៉ោងនេះសមត្ថកិច្ច និងថៅកែទូកនេសាទ រួមគ្នាបន្តស្វែងសាកសពជនរងគ្រោះ។ ករណីរកឃើញសពហើយនោះ សមត្ថកិច្ចនឹងពិនិត្យកោសលវិច្ឆ័យ និងសាកសួរអ្នកពាក់ព័ន្ធតាមក្រោយទៀត។

គួរជម្រាបថា រាល់រដូវវស្សា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ដែលមានរបរជាអ្នកនេសាទ តែងជួបហេតុការណ៍ បាត់ខ្លួន ឬលិចទូក អំឡុងពេលចេញទៅនេសាទនៅកណ្តាលផ្ទៃសមុទ្រ។ ជាមួយនោះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក៏អំពាវនាវដល់អ្នកនេសាទប្រុងប្រយ័ត្នខ្ពស់ ចំពោះការចេញទៅនេសាទ ប្រសិនបើបានទទួលព័ត៌មានការប្រែប្រួលអាកាសធាតុ ជៀសវាងជួបគ្រោះថ្នាក់ធម្មជាតិណាមួយ។

បើតាមសេចក្តីប្រកាសចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា ប្រែប្រួលចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដាខាងមុខ បង្កឲ្យមានជ្រលងសម្ពាធទាប ខណៈខ្យល់មូសុងនីរតី បានបង្កើនឥទ្ធិពល។

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំប្រជាពលរដ្ឋអ្នកនេសាទ ឬអ្នកធ្វើដំណើរតាមទឹកប្រុងប្រយ័ត្នខ្ពស់ នៅតាមខេត្តជាប់មាត់សមុទ្រ រួមមាន៖ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីបង្គួរទៅច្រើន គួបផ្សំនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕


ប្រភព​ : freshnews