trollkhmer news

ចាប់ខ្លួនវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ករណីប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៦:១៤

ចាប់ខ្លួនវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ករណីប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក

(កំពង់ឆ្នាំង)៖ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវនគរបាលតាមចាប់ខ្លួន ក្រោយរងការចោទថា បានប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១០៩នេះថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃាត់ខ្លួនវេជ្ជបណ្ឌិតនោះប្រាកដមែន ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះ ដែលជាគ្រូពេទ្យដូចគ្នាថាបានចាប់រំលោភនាងតែមិនបានសម្រេច។



បើតាមលោកស្នងការ នៅពេលនេះជនសង្ស័យស្ថិតក្រោមការសួរនាំនៅឡើយ ពីសំណាក់ក្រុមសមត្ថកិច្ចជំនាញរបស់លោក មុនបញ្ជូនទៅកាន់តុលាការ។



វេជ្ជបណ្ឌិត ដែលរងការប្តឹងពីបទប៉ងចាប់រំលោភគ្រូពេទ្យដូចគ្នានោះមានឈ្មោះ ហេង សេងហ៊។ តាមដំណើររឿងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នៅយប់កើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជបណ្ឌិតចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។

លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងតែសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


ប្រភព​ : freshnews