trollkhmer news

លោក យន្ត មីន សម្ដែងការសោកស្ដាយ និងសុំការអភ័ទោសពីក្រុមគ្រួសារជនរងគ្រោះទាំងអស់ ក្រោយសុំលាលែងពីតំណែង

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:១៦

លោក យន្ត មីន សម្ដែងការសោកស្ដាយ និងសុំការអភ័ទោសពីក្រុមគ្រួសារជនរងគ្រោះទាំងអស់ ក្រោយសុំលាលែងពីតំណែង

ភ្នំពេញ៖ ក្រោយពីសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារសង្កត់មនុស្សស្លាប់ និងរបួសរាប់សិបនាក់ លោក យន្ត មីន បានបង្ហោះសារមួយសម្តែងនូវការសោកស្តាយ និងសុំអភ័យទោស។

ក្នុងសាររបស់លោក យន្ត មីន ដែលបង្ហោះលើផេកហ្វេសប៊ុកផ្ទាល់របស់លោកនៅរសៀលថ្ងៃនេះ គឺលោកសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងឧប្បវហេតុរលំអគារ៧ជាន់ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័ទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧប្បវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមហោះយដែរ។

ខ្ញុំបាទ និងភរិយាសុំអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។

សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសមអរគុណចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភ ដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយមនោសញ្ចេតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ។

ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារៈកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។

ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។ តែទោះបីជាបែបណា ខ្ញុំនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧប្បវហេតុនេះអោយចប់ចុងចប់ដើម"។

ពាក់ព័ន្ធនឹងរឿងសុំលាលែងពីតំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតហើយ។ សម្តេចបានសម្រេចផ្ទេរលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ឱ្យមកធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។

ទន្ទឹងនឹងករណីរលំបាក់អគារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដកតំណែងលោក ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕





ប្រែសំរួលដោយ : TK