trollkhmer news

ក្រសួងអប់រំ បានចេញសេចក្ដីប្រកាស សម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៤

ក្រសួងអប់រំ បានចេញសេចក្ដីប្រកាស សម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាសមួយ ស្តីពី “ការឈប់ទទួលស្គាល់វិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង”



នេះបើយោងតាមសេចក្តីសម្រេច បានធ្វើឡើងតាម ប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។



ប្រកាសរបស់ក្រសួង បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព។

ក្រសួង អប់រំ យុវជន និងកីឡា ក៏បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំង ផងដែរ។



នៅក្នុងសេចក្តីប្រកាសនេះ បញ្ជាក់ថា បញ្ឈប់ការទទួលស្គាល់វិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ដែលមានទីតាំងស្ថិតនៅអគារលេខ ២១៧ ABCD ផ្លូវលេខ ២៤៥ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ដោយឡែក ការសម្រេចរបស់ក្រសួងអប់រំនៃបញ្ឈប់ការទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង នេះគឺពុំមានការបញ្ជាក់ច្បាស់ពីមូលហេតុនោះទេ។ 


ប្រែសំរួលដោយ : TK