trollkhmer news

ព័ត៌មានបន្ថែម៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្ដ៣គ្រឿងបុកគ្នាស្លាប់១០នាក់ នៅខេត្តកំពង់ស្ពឺ សមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្ដដឹកអ្នកដំណើរ «ក្រុមហ៊ុនវិរៈប៊ុនថាំ»

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៦:០៨

ព័ត៌មានបន្ថែម៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្ដ៣គ្រឿងបុកគ្នាស្លាប់១០នាក់ នៅខេត្តកំពង់ស្ពឺ សមត្ថកិច្ចបញ្ជាក់ថា បង្កឡើងដោយរថយន្ដដឹកអ្នកដំណើរ «ក្រុមហ៊ុនវិរៈប៊ុនថាំ»

ភ្នំពេញ៖ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឲ្យផ្ទុះឆេះរថយន្ដ ស្លាប់មនុស្ស ១០នាក់ និងរបួស ៥នាក់នោះ សមត្ថកិច្ចជំនាញបានបង្ហាញរបាយការណ៍ថា គ្រោះថ្នាក់នេះបង្កឡើយដោយ រថយន្ដដឹកអ្នកដំណើររបស់ «ក្រុមហ៊ុនវិរៈប៊ុនថាំ»



យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលផ្ញើទៅកាន់ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា គ្រោះថ្នាក់នេះគឺមកពីអ្នកបើករថយន្ដម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3E-6503 របស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដែលបើកបរក្នុងល្បឿនលឿន និងអ្នកបើកបរមានការធ្វេសប្រហែស ហើយវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។



សមត្ថកិច្ចបានរៀបរាប់លម្អិតថា រថយន្ដបង្ករបស់ក្រុមហ៊ុនវិរៈប៊ុនថាំ បើកបរពីទិសខាងលិច ទៅទិសខាងកើតក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាប្រជែងម៉ូតូ ១គ្រឿង នៅពីមុខខ្លួនស្របទិសគ្នារួចចូលទៅចំណែកផ្លូវម្ខាងទៀត បានទៅបុកជាមួយរថយន្ដមួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7107 ប្រភេទដឹកទំនិញ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាន (ចុះរត់គេចខ្លួនបាត់) ដែលបើកបរពីទិសខាងកើត ទៅទិសខាងលិចបញ្ច្រាសទិសគ្នា រួចរថយន្ដម៉ាក Hyundai ដឹកទំនិញ បានរេចង្កូតទៅបុករថយន្ដម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-0071 ដែលបើកបរពីទិសខាងលិច ទៅទិសខាងកើត មានអ្នករួមដំណើរក្នុងរថយន្ដ សរុបចំនួន ៥នាក់ ស្រីម្នាក់ (ស្លាប់ទាំង៥)។



ជនរងគ្រោះទី១៖ឈ្មោះ ចាន់ គឹមហឿន អាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ (អ្នកបើកបរ), ទី២៖ឈ្មោះ គឹម ឆាត អាយុ ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ, ទី៣៖ឈ្មោះ ហេង មករា អាយុ ៤៣ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ, ទី៤៖ឈ្មោះ ភឿក ជ្រុនច័ន្ទរិទ្ធិ អាយុ ៣៧ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ និងទី៥៖ឈ្មោះ អេង ស្រីនាង ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។



ដោយឡែក អ្នករួមដំណើរក្នុងរថយន្ដរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ មានចំនួន ១១នាក់ ស្រី ៤នាក់ ក្នុងនោះស្លាប់ ៥នាក់ ស្រីម្នាក់, របួសធ្ងន់២នាក់ ស្រីម្នាក់ និងរបួសស្រាល ៤នាក់ ស្រី ២នាក់។



ជនរងគ្រោះទី១៖ឈ្មោះ ឈឿម សំអាន ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ អ្នកបើកបររថយន្ដបង្ក (របួសធ្ងន់), ទី២៖ឈ្មោះ សាង ប៊ុនសូវ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត (ស្លាប់), ទី៣៖ឈ្មោះ សូត្រ វ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិកំចាយមាខាងជើង ឃុំក្រញ៉ូង ស្រុកកំចាយមា ខេត្តព្រៃវែង (ស្លាប់), ទី៤៖ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (ស្លាប់), ទី៥៖ឈ្មោះ អឹម ថាវរៈ ភេទប្រុស អាយុ ៣១ឆ្នាំ ស្រុកំណើតខេត្តបាត់ដំបង ស្នាក់នៅបុរីចំការដូង ខណ្ឌដង្កោ (ស្លាប់), ទី៦៖ឈ្មោះ ឌិន ធីហា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម (ស្លាប់), ទី៧៖ឈ្មោះ អ៊ឹង សុភ័ណ្ឌនារី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិចេក ឃុំអូររ ស្រុកភ្នំស្រួច (របួសធ្ងន់), ទី៨៖ឈ្មោះ លឿន ធីតា ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិគោកចក ខេត្តសៀមរាប (របួសស្រាល), ទី៩៖ឈ្មោះ គិត បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (របួសស្រាល), ទី១០៖ឈ្មោះ ញ៉ែម ស៊ីថារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (របួសស្រាល) និងទី១១៖ឈ្មោះ ឈួន កវី ភេទស្រី អាយុ ៤៣ឆ្នាំ (របួសស្រាល)៕


ប្រភព​ : freshnews