trollkhmer news

មនុស្សរាប់ពាន់នាក់ ជាប់គាំង, ៥នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១១:៣៤

មនុស្សរាប់ពាន់នាក់ ជាប់គាំង,  ៥នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន

ចិន៖
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សរាប់ពាន់នាក់ បានជាប់គាំង ហើយយ៉ាងហោចណាស់ ៥នាក់បានស្លាប់ អំឡុងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសចិន ដោយអាជ្ញាធរបានត្រៀមខ្លួនទប់ទល់នឹងភ្លៀងធ្លាក់យ៉ាងហោចណាស់ ៤ថ្ងៃទៀត។


 
សារព័ត៌មានផ្លូវការ China Daily បាននិយាយថា ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំ ១០,០០០ ហិកតា និងបំផ្លាញលំនៅដ្ឋានរាប់រយខ្នងនៅក្នុងខេត្តជាំងស៊ីកាលពីថ្ងៃចន្ទ ដែលមានប្រជាជនសរុប ១,៤ លាននាក់ រងផលប៉ះពាល់ និងខូចខាតសេដ្ឋកិច្ចដោយផ្ទាល់ស្មើនឹង ៣៨២,៤១ លានដុល្លារ។



ក្នុងតំបន់ក្វាងស៊ីប៉ែកនិរតី ប្រជាជនចំនួន ២០ម៉ឺនគ្រួសារ បានដាច់ភ្លើង ហើយផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលឧតុនិយមចិនបានឱ្យដឹងថា ទឹកភ្លៀងនៅក្នុងខេត្តជាំងស៊ីបានឈានទៅដល់ ៦៨៨ មិល្លីម៉ែត្រ ហើយភ្លៀងធ្លាក់នៅផ្នែកខ្លះនៃខេត្តជាំងស៊ី និងហ៊ូណាន់ បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែមិថុនានេះ។

រដ្ឋបាលដដែលបាននិយាយថា ព្យុះទឹកភ្លៀង រំពឹងថានឹងរីករាលដាលដល់ខេត្ត Guangdong, Fujian, Jiangxi, Yunnan, Sichuan និងកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍។ រដ្ឋបាលក៏បានព្រមានដល់ក្រុមអាជ្ញាធរឱ្យការពារខ្លួនពីព្យុះផ្គររន្ទះធ្ងន់ធ្ងរ និងលទ្ធភាពនៃការបាក់ច្រាំងទន្លេតូចៗនៅប៉ុន្មានថ្ងៃខាងមុខនេះ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : reuters