trollkhmer news

ធនាគារ ព្រីនស៍ ម.ក ក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងកម្មវិធី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា”ជាមួយធនាគារជាតិ នៃកម្ពុជា

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៦:០៨

ធនាគារ ព្រីនស៍ ម.ក ក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងកម្មវិធី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា”ជាមួយធនាគារជាតិ នៃកម្ពុជា


ធនាគារ ព្រីនស៍ ម.ក បានទទួលការអនុញ្ញាតជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែយល់ច្បាស់អំពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។



ជាផ្នែកមួយនៃកម្មវិធីនេះ ធនាគារ ព្រីនស៍ ម.ក នឹងចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា "ខ្ញុំ និងលុយខ្ញុំ" ដែលនឹងមានការផលិតជាកម្រងវីដេអូផ្សព្វផ្សាយអប់រំខ្លីៗ, យុទ្ធនាការតាមរយៈបណ្តាញសង្គម, វិទ្យុ, ទូរទស្សន៍ និងផលិតជាសម្ភារផ្សព្វផ្សាយជំនួយដល់កម្មវិធីនេះផងដែរ។ 



លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជាអភិបាលគ្រប់គ្រងធនាគារ ព្រីនស៍ ម.ក  បានមានប្រសាសន៍ថា “សេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងបន្តមានការរីកចម្រើនជាលំដាប់ ដែលជាកត្តាអំណោយផលទាក់ទាញ និងផ្តល់នូវសក្តានុពលចំពោះការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត។ តាមរយៈនេះ ប្រជាពលរដ្ឋខ្មែរយើងនឹងទទួលបាននូវផលិតផល និងសេវាកម្មផ្នែកហិរញ្ញវត្ថុកាន់តែសម្បូរបែប ក្នុងស្ថានភាពនេះធនាគារ ព្រីនស៍ ម.ក ចង់ឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ ដើម្បីឱ្យបានយល់ដឹងកាន់តែប្រសើរ និងត្រៀមខ្លួន ដើម្បីអាចទទួលយក និងប្រើប្រាស់ផលិតផល និងសេវាកម្មផ្នែកហិរញ្ញវត្ថុ កាន់តែទទួលបានអត្ថប្រយោជន៍ និងសុវត្ថិភាពខ្ពស់ និងអាចបំពេញនូវតម្រូវការសេដ្ឋកិច្ចរបស់វិនិយោគិន និងសង្គមគ្រួសាររបស់ខ្លួន។ កម្មវិធីនេះនឹងផ្តល់ជាបទពិសោធន៍ និងចំណេះដឹងទូទៅថ្មីៗទាក់ទងនឹងប្រធានបទហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ដោយផ្តោតលើចំណុចសំខាន់ៗ ៤ គឺ៖ ចំណូល ចំណាយ សន្សំ និងកម្ចី។”




ធនាគារ ព្រីនស៍ ម.ក ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ នៅក្នុងកម្មវិធី "ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា" ជាមួយធនាគារជាតិ នៃកម្ពុជា នឹងចូលរួមជាមួយបណ្តាធនាគារនិងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត ដែលនឹងជួយគាំទ្រកម្មវិធីនេះឱ្យសម្រេចបាននូវគោលដៅរួមមួយដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុដែលជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា គឺពលរដ្ឋខ្មែរយើង សេដ្ឋកិច្ច និងប្រទេសកម្ពុជាយើងទាំងមូល។



កន្លងមកធនាគារ ព្រីនស៍ ម.ក បានធ្វើសកម្មភាពរួចមកហើយនូវសកម្មភាពផ្សព្វផ្សាយអំពីការប្រើប្រាស់ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពតាមរយៈ ក្រុមការងារប្រឹក្សាជូនអតិថិជន និងការចូលរួមបោះពុម្ពនូវសៀវភៅដែលមានចំណងជើងថា តោះៗ និយាយអំពីលុយ ដែលរៀបចំដោយធនាគារជាតិ នៃកម្ពុជា។ ទោះបីជាវាគ្រាន់តែជាការចូលរួមចំណែកដ៏តូចក៏ដោយយើងមានមោទកភាពក្នុងការគាំទ្រដល់ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង៕







ប្រភព​ : TrollKhmer