trollkhmer news

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ដរាលដាលដល់ស្រុកថ្មីទៀតនៃខេត្តរតនគិរី

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:៤១

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ដរាលដាលដល់ស្រុកថ្មីទៀតនៃខេត្តរតនគិរី

រតនគិរី៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម បានសម្លាប់សត្វជ្រូករាប់សិបក្បាល ហើយបានរីករាលដាលមកដល់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម ឥលូវនេះបានបន្ដរាលដាលដល់ស្រុកអូរជុំខេត្តរតនគិរី ដោយបានសម្លាប់សត្វជ្រូក របស់អ្នកស្រុកអស់ជាច្រើនក្បាល។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា «យើងបានទទួលព័ត៌មានស្តីពីសាត់ជ្រូកងាប់នៅមុនចូលឆ្នាំ ហើយយើងបានយកវត្ថុធាតុមកវិភាគ ដល់ពេលចូលឆ្នាំហើយយើងរកឃើញថា មានជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានបន្ដរាលដាលដល់ស្រុកអូរជុំ ខេត្តរតនគិរី»។

លោកអគ្គនាយកបានបញ្ជាក់ថា «ក្រុមការងាររបស់យើង កំពុងតែធ្វើការសិក្សា តើវាប៉ះពាល់ដល់សត្វជ្រូកប៉ុន្មានក្បាល ប៉ះពាល់ប៉ុន្មានភូមិនៅឃុំណាខ្លះផងដែរ។ បច្ចុប្បន្ន ក្រុមការងាររបស់យើងបាន បិទចលនានាំចេញសត្វជ្រូកទូទាំងខេត្ត និងចាត់វិធានការទប់ស្កាត់ កុំឲ្យរាលដាលបន្ត»

អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរូបនេះ ក៏បានឲ្យដឹងផងដែរថា ចាប់តាំងពីជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បន្ដរាលដាលដល់ស្រុកអូរជុំ ខេត្តរតនគិរី វាបានសម្លាប់សត្វជ្រូកចំនួន១០៥ក្បាលហើយ ខណៈដែលនៅក្នុងស្រុកអូរជុំជ្រូកមានជំងឺជាង៣០០ក្បាល។

ចំពោះវិធានការសម្រាប់ទប់ស្កាត់ត្រូវបាន លោក តាន់ ផានណារ៉ា អះអាងថាដូចទៅនឹងតំបន់ក្នុងស្រុកអូយ៉ាដាវដែរ ដោយដាក់តំបន់ជាតំបន់ហាមឃាត់ចរាចរសត្វ និងអញ្ជើញប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូក មកអប់រំផ្សព្វផ្សាយអំពីជំងឺបេស្តជ្រូកអាហ្រ្វិក ដែលបណ្តាលឲ្យជ្រូកអ្នកស្រុកងាប់ ដូច្នេះមិនគួរទុកសត្វនេះទេ គឺត្រូវតែដុតកំទេចចោល។

សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់ បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់។

បច្ចុប្បន្នមិនមានវិធីព្យាបាលជំងឺនេះ ឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយ ដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់៕


ប្រភព​ : freshnews