trollkhmer news

កងកម្លាំងអាកាសរបស់ជប៉ុន បាត់បង់ការទាក់ទងជាមួយយន្តហោះចម្បាំង F-35

ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១០:០៩

កងកម្លាំងអាកាសរបស់ជប៉ុន បាត់បង់ការទាក់ទងជាមួយយន្តហោះចម្បាំង F-35

ជប៉ុន៖ យោធាជប៉ុនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបាត់ការទាក់ទងជាមួយយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin នៅមហាសមុទ្រប៉ាស៊ីហ្វិក ជិតភាគខាងជើងប្រទេសជប៉ុន។ 



ក្រុមយន្តហោះចម្បាំង F-35 ដំបូងរបស់ជប៉ុនទើបតែចាប់ផ្តើមប្រតិបត្តិការនៅមូលដ្ឋានអាកាស Misawa ហើយរដ្ឋាភិបាលគ្រោងនឹងទិញយន្តហោះប្រភេទនេះចំនួន ៨៧ គ្រឿងដើម្បីធ្វើទំនើបកម្មកងកម្លាំងការពារអាកាសរបស់ខ្លួន ខណៈកងកម្លាំងយោធារបស់ប្រទេសចិនកំពុងតំឡើងសាច់ដុំ។



យន្ដហោះខាងលើ កំពុងហោះហើរចម្ងាយប្រមាណ ១៣៥គីឡូម៉ែត្រ ភាគខាងកើតនៃមូលដ្ឋានអាកាសនៅក្នុងខេត្ត Aomori នៅវេលាម៉ោង ៧:២៧នាទី នាថ្ងៃអង្គារ នៅពេល បាត់ពីរ៉ាដា។ នេះបើយោងតាមកងកម្លាំងស្វ័យការពារអាកាសបានឱ្យដឹង។

គួរបញ្ជាក់ថា នេះជាលើកទី២ដែលយន្តហោះ F-35 បានធ្លាក់ ចាប់តាំងពីបានចាប់ផ្តើមហោះហើរជិតពីរទសវត្សរ៍។ ហើយនេះ ក៏ជាការធ្លាក់ដំបូង នៃប្រភេទយន្តហោះចម្បាំងជំនាន់ទី៥ ដែលត្រូវបានគេរចនាឡើងដើម្បីវាយលុកការការពារសត្រូវតាមរយៈការលួចគេចពីរ៉ាដា៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters