trollkhmer news

ការចាកចេញពីសហភាពអឺរ៉ុប កាន់តែស្រពិចស្រពិល ក្រោយសមាជិកសភាអង់គ្លេសលើសលប់ បោះឆ្នោតពន្យារពេល

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៤៨

ការចាកចេញពីសហភាពអឺរ៉ុប កាន់តែស្រពិចស្រពិល ក្រោយសមាជិកសភាអង់គ្លេសលើសលប់ បោះឆ្នោតពន្យារពេល

អង់គ្លេស៖ ក្រុមឧស្សាហកម្ម DIHK របស់អាឡឺម៉ង់ បាននិយាយថា ការបោះឆ្នោតដោយសភាអង់គ្លេសដើម្បីពន្យាពេលចាកចេញពីសហភាពអឺរ៉ុបបានបន្ថែមភាពមិនច្បាស់លាស់អំពីពេលវេលាចាកចេញទៅនឹងស្ថានភាពលំបាកដែលមានស្រាប់។



លោក Martin Wansleben នាយកប្រតិបត្តិនៃសភាឧស្សាហកម្ម និងពាណិជ្ជកម្ម DIHK បានប្រាប់បណ្ដាញសារព័ត៌មាន Funke Mediengruppe ថា "ក្រុមហ៊ុនមិនដឹងគួរត្រៀមខ្លួនដូចម្ដេចទេ។ លោកបន្ថែមថា ក្រៅពីភាពមិនច្បាស់លាស់អំពីអ្វី ដែលនឹងកើតឡើងឥឡូវនេះវាកាន់តែមិនច្បាស់លាស់អំពីថា តើនឹងកើតឡើងនៅពេលណា។ 



សមាជិកសភាអង់គ្លេសបានបោះឆ្នោតលើសលប់កាលពីថ្ងៃព្រហស្បតិ៍ ស្វែងរកការពន្យារពេល Brexit ដែលមានន័យថា ថ្ងៃទី២៩ ខែមីនា ដែលជាថ្ងៃកំណត់ចាកចេញដោយច្បាប់ទំនងជាត្រូវខកខាន។

លោក Wansleben បាននិយាយថា ៧០ភាគរយនៃក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានមុខជំនួញនៅអង់គ្លេសរំពឹងថា នឹងថយចុះនៅក្នុងឆ្នាំ២០១៩ ហើយមានតែមួយក្នុងចំណោមក្រុមហ៊ុន ៥ប៉ុណ្ណោះ ដែលនិយាយថា អាជីវកម្មរបស់គេនៅអង់គ្លេសល្អ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters