trollkhmer news

នាយក Formula One ទទួលមរណភាពក្នុងវ័យ ៦៦ឆ្នាំ មុនថ្ងៃបើករដូវកាលថ្មី

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:០៣

នាយក Formula One ទទួលមរណភាពក្នុងវ័យ ៦៦ឆ្នាំ មុនថ្ងៃបើករដូវកាលថ្មី

លោក Charlie Whiting ដែលជានាយក Formula 1 នៃសហព័ន្ធយានយន្តអន្តរជាតិ (FIA) និងជាមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យកីឡាជាច្រើនទសវត្សរ៍បានទួលមរណភាពនៅវ័យ ៦៦ឆ្នាំ។  លោក Whiting បានស្ទះសរសៃឈាមសួត នាព្រឹកថ្ងៃពុធ នៅទីក្រុងមែលប៊នដែលជាកន្លែង លោកគ្រោងនឹងបើកសម្ពោធរដូវកាលថ្មីនៃការប្រកួតពានរង្វាន់ Australian GP នៅចុងសប្ដាហ៍នេះ។



លោក Whiting ធ្លាប់ជាកីឡាករប្រណាំងរថយន្ត និងបានគ្រប់គ្រងបញ្ហាច្បាប់ទាំងអស់នៅក្នុងការប្រកួត F1 ។ លោក Jean Todt ប្រធាន FIA បានហៅ លោក Whiting ថាជាតួអង្គដ៏សំខាន់ និងគ្មានអ្វីប្រៀបបានដែលបានបញ្ចូលក្រមសីលធម៌ និងស្មារតី នៃការប្រកួត F1។ 



លោក Whiting បានធ្វើការឱ្យស្ថាប័ន FIA តាំងពីឆ្នាំ១៩៨៨ នៅពេលដែលលោកបានចូលបម្រើការងារដំបូងជានាយកបច្ចេកទេស។ លោកធ្លាប់ជាប្រធានផ្នែកមេកានិច និងបន្ទាប់មកជាប្រធានវិស្វករក្រុម Brabham ដែលបានឈ្នះជើងឯកពិភពលោកនៅក្នុងឆ្នាំ១៩៨១ និង ១៩៨៣។



លោក Whiting បានចាប់ផ្តើមអាជីព F1 របស់លោកជាមួយនឹងក្រុម Hesketh នៅក្នុងឆ្នាំ១៩៧៧ បន្ទាប់មកផ្លាស់ទៅក្រុម Brabham ក្នុងឆ្នាំ១៩៧៨ និងនៅទីនោះរហូតដល់ចូលបម្រើការនៅ FIA ជាកន្លែងដែលលោកបានក្លាយជាផ្នែកមួយដ៏សំខាន់នៃការប្រកួត F1 ចាប់តាំងពីពេលនោះមក៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC