trollkhmer news

ភ្លើងប្រចណ្ឌ! ប្តីយកកាំបិតផ្គាក់កាប់អ្នកជិតខាង ដែលសង្ស័យជាសាហាយប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៤២

ភ្លើងប្រចណ្ឌ! ប្តីយកកាំបិតផ្គាក់កាប់អ្នកជិតខាង ដែលសង្ស័យជាសាហាយប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់៖
ដោយអំណាចស្រា បានធ្វើឲ្យបុរសជាប្តី ខឹងសម្បាប្រពន្ធ សង្ស័យលួចមានសាហាយជាមួយអ្នកជិតខាង ឈានដល់ទាញកំាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ (អ្នកជិតខាង) ដែលផឹកស៊ីជាមួយគ្នា ចំនួន៤កាំបិត រហូតដល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០៖៤៩នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ ត្រង់ចំណុចវាលស្បូវ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។



លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ ពិនិត្យ អាយុ២៣ឆ្នាំ មុខរបរជាជាងសិប្បកម្មកែច្នៃឈើ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្នមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ រីឯជនសង្ស័យមានឈ្មោះ អ៊ឹម វុទ្ធី អាយុ៣៣ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅជាមួយប្រពន្ធ និងបងថ្លៃ នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទិញស្រាកន្លះកេស ទៅផឹកស៊ីនៅផ្ទះជនសង្ស័យ ពេលផឹកអស់កន្លះកេសនោះ ជនសង្ស័យបានទៅទិញថែមកន្លះកេសទៀត។ លុះផឹកស្រវឹងទាំងអស់គ្នា ទាំងជនរងគ្រោះ និងជនសង្ស័យ បានដេកនៅលើផ្ទះ ជាមួយនឹងបងថ្លៃប្រុស និងប្រពន្ធរបស់ជនសង្ស័យជុំគ្នា។

ក្នុងដំណេកលង់លក់ ស្រាប់តែជនសង្ស័យ បានដាស់ប្រពន្ធឲ្យជូនទៅបន្ទប់ទឹក តែប្រពន្ធប្រកែកមិនចង់ទៅជាមួយ។ ភ្លាមនោះជនសង្ស័យ បានចាប់ទាញប្រពន្ធរបស់ខ្លួន រហូតលឺសម្លេងឈ្លោះគ្នា ធ្វើឲ្យភ្ញាក់ដល់ជនរងគ្រោះចុះមកសួរនាំ។

លោកអធិការបន្ថែមថា ជនសង្ស័យក៏បានស្រែកក្ដែងៗមកថា កុំចេះដឹងរឿងប្តីប្រពន្ធអាញ់ ប្រយ័ត្នងាប់ ឬក៏ហ្អែងស្រលាញ់ប្រពន្ធអាញ?។ ចំណែកប្រពន្ធរបស់ជនសង្ស័យ បានស្រែកអង្វរ ទៅរកជនសង្ស័យ តែជនសង្ស័យ បានទាញកាំបិទផ្គាក់ទៅកាប់ជនរងគ្រោះ ចំនួន៤កាំបិត ដោយមិនបានតមាត់មួយបាត់ (១កាំបិតត្រូវជើង, មួយកាំបិតត្រូវពីមុខ និង២កាំបិតទៀតចំកពីខាងក្រោយ) បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម រួចរត់គេចខ្លួនបាត់។ នេះបើតាមការអះអាងពីសំណាក់ប្រពន្ធរបស់ជនរងគ្រោះ។

ក្រោយទទួលបានព័ត៌មាន កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ សួរនាំដំណើររឿង ជនរងគ្រោះ បានស្លាប់ដោយជនសង្ស័យកាប់ជាច្រើនកាំបិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំពោះជនដៃដល់ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញា ដើម្បីនាំខ្លួនមកកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


ប្រភព​ : freshnews