trollkhmer news

រថភ្លើង និងរថយន្ដបុកគ្នា ​នៅ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, សមត្ថកិច្ចអំពាវនាវអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន ពេលបើកឆ្លងកាត់ផ្លូវរថភ្លើង

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៣:៣៧

រថភ្លើង និងរថយន្ដបុកគ្នា ​នៅ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, សមត្ថកិច្ចអំពាវនាវអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន ពេលបើកឆ្លងកាត់ផ្លូវរថភ្លើង

​ព្រះសីហនុ៖ រថយន្ដបែនដឹកដីមួយគ្រឿង បានបុកគ្នាជាមួយរថភ្លើង ដែលធ្វើដំណើរពីខេត្តព្រះសីហនុ នៅរាជធានីភ្នំពេញ បណ្ដាល​ឲ្យធ្លាក់ក្បាលរថភ្លើង​​ចេញពីលើផ្លូវដែក និងរថយន្ដរងការខូចខាតធ្ងន់ធ្ងរផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងរថភ្លើងនេះ កើតឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតក្នុង​ភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី លោក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់។



លោកអធិការស្រុកព្រៃនប់ បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយយជីវិតទេ ប៉ុន្តែរថភ្លើង និងរថយន្ត​បានផ្អៀងធ្លាក់ពីលើផ្លូវដែក និងផ្លូវកៅស៊ូទាំងពីរគ្រឿង ព្រមទាំងរងការខូចខាតធ្ងន់ធ្ងររៀងៗខ្លួនផងដែរ។



ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ។


ជាមួយគ្នានេះ អធិការនគរបាលស្រុកព្រៃនប់ ក៏​បានអំពាវនាវដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ​ឲ្យប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវរថភ្លើង ឆ្លងកាត់ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ នាមូលដ្ឋានខេត្តព្រះសីហនុ ព្រោះតែងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ លោកក៏បាន​រំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ទោះជាចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី ប្រយោជន៍ដើម្បីរួមចំណែកកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍៕


ប្រភព​ : freshnews