trollkhmer news

ចាប់ខ្លួនប្ដីកំណាចអាយុ ៣៣ឆ្នាំ ទាញអង្រែ និងដងចប វាយសម្លាប់ប្រពន្ធអាយុ ៥០ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:០១

ចាប់ខ្លួនប្ដីកំណាចអាយុ ៣៣ឆ្នាំ ទាញអង្រែ និងដងចប វាយសម្លាប់ប្រពន្ធអាយុ ៥០ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម

ក្រចេះ៖ បុរសជនសង្ស័យជាប្ដី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីអំពីហិង្សាមួយ កើតឡើងដោយសារតែភ្លើងប្រច័ណ្ឌវាយប្រពន្ធ បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិសំភិនឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

មន្ត្រីនគរបាលស្រុកសំបូរ បានឲ្យដឹងថា ករណីហិង្សាដោយចេតនាបង្កឡើងដោយ ជនសង្ស័យឈ្មោះ​ ឈីន​ សុឃាប ​(ជាប្តី) ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានឈ្លោះប្រកែកជាមួយជនរងគ្រោះឈ្មោះ​ អែប​ ពៅ ​(ជាប្រពន្ធ) ភេទស្រី ​អាយុ៥០ឆ្នាំ​។



ជនសង្ស័យបានយកអង្រែ វាយប្រពន្ធចំក្បាលផ្នែកខាងក្រោយ ពេលអង្រែបាក់​ជនសង្ស័យបានយកដងចប ទៅវាយប្រពន្ធ​បន្ថែមទៀត បណ្ដាលឲ្យប្រពន្ធបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​តែម្តង។



មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ក្រោយពីកម្លាំងជំនាញបានសួរនាំ ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនឈ្លោះប្រកែកវាយប្រពន្ធ បណ្តាលឲ្យស្លាប់ គឺដោយសារប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ជាមួយអ្នកជិតខាង។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ​និងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យជំនាញខេត្ត នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីបំពេញនីតិវិធីច្បាប់បន្ត៕


ប្រភព​ : freshnews