trollkhmer news

សមត្ថកិច្ច សម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៥១

សមត្ថកិច្ច សម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត


បន្ទាយមានជ័យ៖ ទីបំផុត នៅវេលាម៉ោងជាង៧៖៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ដល់មនុស្សនៅកន្លែងកើតហេតុ។



បើតាម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គ្រាប់បែកនេះ គឺជាគ្រាប់បែកកែឆ្នៃដើម្បីកំណត់ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះនូវគ្រាប់បែកដែលជនខិលខូចលួចមកដាក់នេះ នៅមុនម៉ោងកំណត់តែម្តង។



សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកកំណត់នាទីមួយគ្រាប់ ដែលបង្កៃចោលក្នុង​កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។



បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ​បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។



សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍​។



មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា​ នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ៕


ប្រភព​ : freshnews