trollkhmer news

នី រតនា មិន​ប្រតិ​កម្ម​នឹង​ក្រុម​ពូកែ​ត្រូល និងការ​រិះគន់​របស់​មហាជន នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក!

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:០២

នី រតនា មិន​ប្រតិ​កម្ម​នឹង​ក្រុម​ពូកែ​ត្រូល និងការ​រិះគន់​របស់​មហាជន នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក!

ភ្នំពេញ៖ មួយរយៈនេះ គេសម្គាល់ឃើញថា នៅតាមបណ្ដាញសង្គមហ្វេសប៊ុក មានក្រុមត្រូល (Troll) ក៏ដូចជា មហាជនមួយចំនួន បានធ្វើការរិះគន់ជាច្រើន ពាក់ព័ន្ធនឹងព័ត៌មានរបស់តារាចម្រៀង នី រតនា ខណៈដែលថ្មីៗនេះ លោក នី រតនា ទើបតែដឹកដៃ ភរិយាទៅធ្វើដំណើរកម្សាន្ត នៅប្រទេសម៉ាឌីវ ដែលធ្វើឲ្យព័ត៌មានជាច្រើន បានចុះផ្សាយពីរឿងរ៉ាវ ឯកជន របស់លោក ក្រោយរៀបការ។



ជុំវិញនៃការរិះគន់ និងក្រុមត្រូល នៅតាមសង្គមហ្វេសប៊ុក តារាចម្រៀង នី រតនា បានប្រាប់ថា លោកមិនមានប្រតិកម្ម ក៏ដូចការខឹងសម្បារ ចំពោះក្រុមត្រូល និងពាក្យរិះគន់ ចំអកឌឺដង របស់មហាជននោះទេ ពោលគឺលោកមានតែសប្បាយចិត្ត ដែលមហាជនចាប់អារម្មណ៍ លោកខ្លាំង។



លោក នី រតនា បានថ្លែងប្រាប់ Fresh New និង Khmer Talking ដោយផ្ទាល់ កាលពីពេលថ្មីៗនេះថា ជាការពិតណាស់ តាមពិតទៅ ដោយសារតែលោក ជាមនុស្សរបស់មហាជន ដូច្នេះលោកមិនមានការអាក់អន់ស្រពន់ចិត្តទៅលើមហាជន ដែល Troll មកលើរូបលោក ពាក់ព័ន្ធនឹងព័ត៌មានចេញទៅក្រៅប្រទេស រៀបមង្គលការ និងការធ្វើដំណើរកម្សាន្តចេញទៅក្រេបទឹកឃ្មុំនោះទេ ពោលគឺលោកតែសប្បាយរីករាយ ហើយប្រហែលជាលោក មានអ្វីដែលពិសេសមួយហើយ បានជាមានមហាជន និងក្រុមត្រូល (Troll) ចាប់អារម្មណ៍ខ្លាំងបែបនេះ។



លោក នី រតនា បាននិយាយថា «ខ្ញុំអត់ខឹងទេ ព្រោះខ្ញុំគិតថា ខ្ញុំជាមនុស្សរបស់សាធារណៈ ទោះបីពួកគាត់ត្រូល ក៏អត់ខឹងអីដែរ តែពេលឃើញហើយ ខ្ញុំមានអារម្មណ៍អស់សំណើច ហេតុអីគាត់ចាប់អារម្មណ៍តែខ្ញុំ ព្រោះមាន តារាច្រើនទៀត តែមិនចាប់អារម្មណ៍ បែរជាចេញតែរឿងខ្ញុំទៅវិញ»



សូមជម្រាបថា កាលពីថ្មីៗនេះ លោក នី រតនា បាននាំភរិយាជាទីស្រឡាញ់ ទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវ ហើយលោកបានទៅសម្ដែងនៅប្រទេសកូរ៉េ ដោយនាំភរិយាទៅជាមួយផងដែរ៕




ប្រភព​ : khmertalking