trollkhmer news

ឡៅ ចន្រ្ទា៖ ខ្លាចអីវ៉ៃ តែបើវ៉ៃមិនកើត អីមិនកើតទេ កុំឱ្យតែជេរម៉ែខ្ញុំទៅបានហើយ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៤

ឡៅ ចន្រ្ទា៖ ខ្លាចអីវ៉ៃ តែបើវ៉ៃមិនកើត អីមិនកើតទេ កុំឱ្យតែជេរម៉ែខ្ញុំទៅបានហើយ

ភ្នំពេញ៖ កាលពីម្សិលមិញ ឡៅ ចន្រ្ទា បានឡាយ (Live ) វីដេអូ ស្រាយចម្ងល់ទាក់ទងនឹងព័ត៌មានលេចឭដែលថា សង្វៀនដ៏ល្បី Thai Fight ចង់បានរូបគេទៅប្រកួតជាមួយកីឡាករជើងចាស់ សែនឆៃ មួយថៃយិម នាថ្ងៃទី២៣ ខែកុម្ភៈ ២០១៩ខាងមុខនេះ។ អ្នកគាំទ្រជាច្រើនចង់ឱ្យរូបគេទៅបង្ហាញសមត្ថភាពនៅទីនោះម្ដង ខណៈមួយចំនួនទៀតរិះគន់កថា គេទំនងជាខ្លាចមិនហ៊ានទៅវ៉ៃ។



ឆ្លើយតបទៅនឹងការបញ្ចេញមតិ និងការរិះគន់ពីសំណាក់អ្នកស្រឡាញ់វិស័យគុនខ្មែរ ឡៅ ចន្រ្ទា បាននិយាយថា៖ «ចំពោះខ្ញុំ មិនមែនខ្ញុំមិនហ៊ានទេ ខ្ញុំហ៊ាន ព្រោះអីខ្ញុំជាអ្នកវ៉ៃ ខ្ញុំខ្លាចអីវ៉ៃ ក៏ប៉ុន្តែឈ្នះចាញ់ ខ្ញុំអត់ដឹង ហើយវាមិនទាន់ច្បាស់ការណ៍ថា បានទៅ ឬអត់ផង»។ ចន្រ្ទាបន្ថែមថា៖  «សំខាន់ ខ្ញុំនៅក្រោមការគ្រប់គ្រងរបស់មេ ប្រសិនបើមេដាក់បញ្ជាថា ត្រូវប្រកួតនៅថៃ ខ្ញុំនឹងទៅ តែបើឱ្យខ្ញុំអារកាត់ខ្លួនឯង ខ្ញុំមិនហ៊ានទេ»។

ទាក់ទងនឹងក្ដីសង្ឈឹម ប្រសិនបើបានទៅប្រកួត ចន្រ្ទាបានបន្តថា៖ « បើសង្ឃឹមឱ្យខ្ពស់ថា ឈ្នះ មិនងាយនឹងឈ្នះទេ ប៉ុន្តែយើងបានដកស្រង់បទពិសោធពីកីឡាករជើងខ្លាំងមួយរូប យើងមានកិត្តិយសដែលបានប្រកួតជាមួយនឹងកីឡាករលំដាប់ប្រទេសគេដែរ យើងមានមោទនភាព យើងមិនហ៊ានមើលគូប្រកួតទេ ឈ្នះចាញ់ខ្ញុំអត់ដឹងទេ តែបើទៅប្រកួត ខ្ញុំដឹងតែវ៉ៃហើយ តែបើវ៉ៃមិនកើតអីមិនកើតទេ កុំឱ្យតែជេរម៉ែខ្ញុំទៅបានហើយ (សើច)»។



គួរបញ្ជាក់ថា កីឡាករឆ្នើម រហស្សនាម អាសង្ហារូបនេះ មិនដែលបានចេញទៅបង្ហាញសមត្ថភាពនៅក្រៅប្រទេសតាមសង្វៀនធំៗម្ដងណាឡើយ ទោះបីជារូបគេត្រូវបានទាក់ទងម្ដងជាពីរម្ដងឱ្យចេញទៅប្រកួតនៅក្រៅប្រទេសហើយក្ដី៕