trollkhmer news

សិស្សសាលាម្នាក់ ជិះម៉ូតូលឿនជ្រុល បុករថយន្តសាំយ៉ុងចំពីមុខពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៦:៤០

សិស្សសាលាម្នាក់ ជិះម៉ូតូលឿនជ្រុល បុករថយន្តសាំយ៉ុងចំពីមុខពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

(ភ្នំពេញ)៖​ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម​ ខណៈជិះម៉ូតូមួយគ្រឿងលឿនជ្រុល បុកចំក្បាលរថយន្តសាំយ៉ុង ដែលកំពុងបើកឆ្លងផ្លូវ​ នៅចំណុចផ្លូវបេតុង​ ភូមិភា​ សង្កាត់ប្រទះឡាង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី​ ០៥​ ខែ​ ធ្នូ​  ឆ្នាំ២០១៨​។



តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ពណ៌ក្រហម​ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវបេតុងឆ្ពោះឡើងទៅផ្លូវជាតិលេខ៣​ ទិសដៅពីលិចទៅកើត។​ ខណៈដល់ចំណុចកើតហេតុ ស្របពេលដែលមានរថយន្តសាំយ៉ុង​មួយគ្រឿង កំពុងបើកធ្វើដំណើរបញ្រ្ចាសទិសគ្នា​ ហើយពេលនោះរថយន្តបានបត់ឆ្វេងដៃ ចូលទៅផ្លូវបំបែក​ ក៏បណ្តាលឲ្យយុវជនខាងលើ ជាន់ហ្វ្រាំងម៉ូតូមិនទាន់ ជ្រុលបុកចំក្បាលរថយន្តយ៉ាងពេញទំហឹង​ បណ្តាលឲ្យយុវជនខាងលើផ្លោងបោកផ្ទប់ នឹងកញ្ចក់រថយន្តស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ​ ចំណែកម៉ូតូនឹងរថយន្តត្រូវរងការខូចខាតយ៉ាងដំណំ​។




សមត្ថកិច្ចបានឲ្យដឹងថា​ សពយុវជនមានឈ្មោះ​ បូណាត់​ សុផាណិត​ ភេទប្រុស​ អាយុ ១៥ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅក្បែរទីតាំងកើតហេតុ​ ចំណែកតៃកុងរថយន្តឈ្មោះ​ ឡេង​ វិបុល​ ភេទប្រុស​ ២៣​ ឆ្នាំ​ ស្នាក់នៅភូមិអង្គ​ សង្កាត់ប្រទះឡាង​ ខណ្ឌដង្កោ​។




បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។​ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី​៕​


ប្រភព​ : freshnews