trollkhmer news

ធាតុលោកវេជ្ជបណ្ឌិត Beat Richner បានដឹកពីប្រទេសស្វីស​ មកដល់ខេត្តសៀមរាប ហែឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាហើយ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៤:៣៣

ធាតុលោកវេជ្ជបណ្ឌិត Beat Richner បានដឹកពីប្រទេសស្វីស​ មកដល់ខេត្តសៀមរាប ហែឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាហើយ

(សៀមរាប)៖
ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ (​Beat Richner) បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ​ បានដឹកពីប្រទេសស្វីស​ ទឹកដីកំណើតខ្លួន​ មកដល់ខេត្តសៀមរាប​ហើយ នៅព្រឹកថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៨នេះ។

ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ នៅវេលាម៉ោងប្រមាណ​៨ព្រឹក​ ដោយមានការសូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Richner ពីសំណាក់ព្រះសង្ឃប្រមាណ​ ៧០០អង្គ។




ធាតុរបស់លោកត្រូវហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក។



ពិធីដង្ហែមានការបើកផ្លូវដោយរថយន្តសឺរ៉ែនរបស់មន្ត្រីនគរបាល​ និងមានការហែអមដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ ព្រមទាំងមានការលេងភ្លេងពិណពាទ្យអម ផងដែរ។




លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា​ ក្រោយពេលដង្ហែដល់នឹងមានការសូត្រមន្តបង្សុកូល តាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។





បើតាមការបញ្ជាក់របស់លោក ដេនីស ឡូរ៉ង់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចវររាជមាតាជាតិខ្មែរ នឹងយាងប្រទានភួងផ្កា និងគ្រឿងសក្ការៈបូជានៅទីចេតិយ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅកន្លែងតម្កល់ធាតុ ផងដែរ។





ប្រែសំរួលដោយ : TK