trollkhmer news

សាខាកាំកុងត្រូលខេត្តកណ្តាល បានរកឃើញ​ងៀត ត្រីបប៊ែល មានសារធាតុបូរ៉ាក់ ដែលដាក់លក់នៅផ្សារបែក​ចាន និងផ្សារថ្នល់ទទឹង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:៥៣

សាខាកាំកុងត្រូលខេត្តកណ្តាល បានរកឃើញ​ងៀត ត្រីបប៊ែល មានសារធាតុបូរ៉ាក់ ដែលដាក់លក់នៅផ្សារបែក​ចាន និងផ្សារថ្នល់ទទឹង

(កណ្តាល)​៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារ​ និងផ្ទះលក់ទំនិញមួយចំនួន​ នៅជុំវិញផ្សារបែកចាន និងផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល​​។



លោក អ៊ូ ម៉ានរិន ប្រធានកាំកុងត្រូលសាខាកណ្តាល បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅតាមផ្ទះជុំវិញផ្សារបែកចាន និងផ្សារថ្នល់ទទឹងខាងលើនេះ ហើយធ្វើតេស្តបឋម ទៅលើមុខម្ហូបមួយចំនួនដូចជា រួមមាន គ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ​ សណ្តែកបណ្តុះប្រហិត ត្រីងៀត សាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ បានធ្វើតេស្តបឋម ត្រីងៀត សាច់ក្រក គ្រឿងសមុទ្រ គុយទាវ ប្រហិតសាច់គោ សណ្តែកបណ្តុះ ជ្រក់ស្ពៃ និងងៀតត្រីបប៊ែល​។ ជាលទ្ធផលបានរកឃើញ​សារធាតុគីមី ហាមឃាត់បូរ៉ាក់ នៅលើងៀតត្រីបប៊ែល និងបាន​ដកហូតងៀតត្រីបប៊ែល ចំនួន៣,៥គីឡូក្រាម ព្រមទាំងគ្រឿងកំប៉ុង ចំនួន៨២កំប៉ុង/ដប ហួសរយៈពេលប្រើប្រាស់ កំប៉ិត ច្រែះយកមករក្សាទុក ដើម្បីដុតកម្ទេចចោល​។



ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ដើម្បីឲ្យពួកគាត់បានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ​ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមី​ក្នុងម្ហូបអាហារ។




លោក អ៊ូ ម៉ានរិន ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញដែលហួសកាលបរិច្ឆេទ​ប្រើប្រាស់នេះផងដែរ៕




ប្រភព​ : freshnews