trollkhmer news

ម្តាយសម្រាលកូននៅមន្ទីរពេទ្យ ទុកកុមារីអាយុ១៦ខែឲ្យយាយតាមើលនៅផ្ទះ ក៏ត្រូវលង់ទឹកស្លាប់

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៧:៥៣

ម្តាយសម្រាលកូននៅមន្ទីរពេទ្យ ទុកកុមារីអាយុ១៦ខែឲ្យយាយតាមើលនៅផ្ទះ ក៏ត្រូវលង់ទឹកស្លាប់

(ស្វាយរៀង)៖ ពិតជាអាសូរណាស់ កុមារីម្នាក់បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់សម្រាកសម្រាលកូន នៅឯមន្ទីរពេទ្យ ហើយទុកកូនផ្ញើឲ្យយាយតាមើលថែ តែជួបគ្រោះអកុសល ដើរធ្លាក់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម។

ការស្លាប់កុមារីដ៏សែនរន្ធត់ចិត្ត បានកើតឡើងក្នុងគ្រួសារកសិករមួយ ស្ថិតក្នុងភូមិ ព្រៃតាយីង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។



បើតាមលោក មាន សម្បត្តិ អាយុ២៥ឆ្នាំ ជាឪពុកកុមារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង រូបគាត់ រវល់ទៅធ្វើការងារជាងសំណង់ ហើយប្រពន្ធរបស់គាត់ ជាប់សម្រាលកូននៅឯមន្ទីពេទ្យ។ គ្មានអ្នកមើលកូន លោកក៏យកកូនមកផ្ញើនឹងម្តាយ។ លុះនៅវេលាម៉ោងប្រមាណ៩ព្រឹក ពេលលោកមកផ្ទះអត់ឃើញកូន ក៏សួរក ទើបនាំគ្នាឆោឡោ មិនដឹងជាបាត់ទៅណា។

លោកបន្តថា ដោយបាននាំគ្នាដើររក ស្ទើរគ្រប់ទីកន្លែងទៅហើយ នៅតែរកមិនឃើញ ហើយមានការសង្ស័យខ្លាចធ្លាក់ទឹកស្រះ ក៏នាំគ្នាចុះរុករាវមើល ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ បានលង់ទឹកស្លាប់បាត់ទៅហើយ និងមិនដឹងជាលង់ពីពេលណានោះទេ។ ការនេះ ធ្វើឲ្យរូបគាត់រន្ធត់ចិត្តជាខ្លាំង ណាមួយម្តាយសម្រាលកូននៅមន្ទីរពេទ្យ រីឯកូនក៏លង់ទឹកស្លាប់ទៀត។



ជុំវិញករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ម៉ៅ ស្រីពេជ្រ អាយុ១៦ខែ ពិតជាបានលង់ទឹកស្រះស្លាប់ នៅមុខផ្ទះឈ្មោះ​ ស្រី ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ត្រូវជាជីតា និងប្រពន្ធឈ្មោះ ផង់ អុន អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាជីដូន។

រហូតដល់ម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ក៏បានរាយការណ៍មកប៉ុស្ដិ៍នគរបាលប្រសូតិ ហើយកម្លាំងប៉ុស្ដិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យ។ ចំណែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចបន្ថែមថា មូលហេតុឪពុកម្ដាយ មានការធ្វេសប្រហែស។ សូមបញ្ជាក់ផងដែរថា កុមារីរងគ្រោះជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់៕


ប្រភព​ : freshnews