trollkhmer news

អាវុធហត្ថក្រុងប៉ោយប៉ែត​ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទហិង្សា​ដោយចេតនា និងកាន់អាវុធខុសច្បាប់

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៧:០១

អាវុធហត្ថក្រុងប៉ោយប៉ែត​ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទហិង្សា​ដោយចេតនា និងកាន់អាវុធខុសច្បាប់

(បន្ទាយមានជ័យ)​៖​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា និងបទផលិត-ចរាចរណ៍អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបាន៣នាក់ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែតុលានេះថា ដោយទទួលបានព័ត៌មានអំពីករណីក្មេងទំនើង បង្កការអុកឡុកនៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ​ លោក​បានធ្វើសេចក្តីរាយការណ៍ទៅ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំវិធានការអនុវត្តន៍ និងដោយទទួលបានការ​សម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យ។



លោកបានបន្តថា​ ជនសង្ស័យ​ទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ មាស សុភ័ក្ត្រ (ហៅ ចិន) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត​

*ទី២៖ ឈ្មោះ ចិន ស័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំ​ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត​

*ទី៣៖ ឈ្មោះ ញ៉ ឆារ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ​ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។ នៅក្នុងប្រតិបត្តិការណ៍នោះរឹបអូសវត្ថុតាងរួមមាន៖ កាំភ្លើងខ្លីប្រើហ្គាស ១ដើម កាំបិតផ្គាក់ដងឈើ ១ដើម អង្រែបុកគ្រឿង១ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ២កូនថង់តូច។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា នៅវេលាម៉ោង២ ក្រុមខ្លួនមានគ្នា ៤នាក់ បាននាំគ្នាដើរលេង លុះទៅដល់ចំណុចផ្សាររ៉ា ស្រាប់តែមានក្មេង ១ក្រុមផ្សេងទៀតមកសំឡុត និងដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនមានកំហឹងជាខ្លាំងបាននាំគ្នាទៅផ្ទះ និងយកអាវុធរៀងៗ ខ្លួន ដើម្បីមកសងសឹកជាមួយពួកក្មេងដែលដេញវ៉ៃពួកខ្លួននោះ លុះមកដល់ចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ក៏បានជួបក្រុមក្មេងដែលដេញវ៉ៃក្រុមខ្លួន ហើយក្រុមគេក៏បានដកកាំភ្លើងផ្ជង់ និងយកកាំបិតដេញកាប់ក្មេងទាំងនោះ តែមិនបានបង្កឱ្យមានរបួសស្នាមឡើយ ពេលកំពុងដេញកាប់គ្នា ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថមកចាប់ឃាត់ខ្លួនតែម្តង ចំណែកគ្រឿងញៀន គឺក្រុមខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះ ដើម្បីយកមកប្រើប្រាស់។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និង​យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕



ប្រភព​ : freshnews