trollkhmer news

ទេព រិន្ទដារ៉ូ ត្រូវ​ជនអនាមិក យក​ឈ្មោះ និង​រូប​ បន្លំ​ធ្វើ​ជា​​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៦:១៩

ទេព រិន្ទដារ៉ូ ត្រូវ​ជនអនាមិក យក​ឈ្មោះ និង​រូប​ បន្លំ​ធ្វើ​ជា​​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​

(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ ជាតារាសម្ដែង​ដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេង ជាយូរណាស់មកហើយ នៅក្នុងប្រទេសកម្ពុជា ខណៈនេះលោក បានជួបនៅបញ្ហាធំមួយ ដោយលោក​ត្រូវបានជនអនាមិក យកឈ្មោះ និងរូបរបស់លោកបង្កើត ជាគណនីហ្វេសប៊ុកមួយផ្សេងទៀត​។

យ៉ាងណាមិញ លោកបានធ្វើការប្រកាស ដើម្បីប្រាប់ជាដំណឹងដល់​មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ជៀសវាងម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះ និងរូបថតរបស់លោក យកទៅប្រើប្រាស់ធ្វើរឿងអ្វីមិនល្អ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។



ដោយតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ បានបង្ហោះសារនៅក្នុងគណនីហ្វសប៊ុក របស់លោកយ៉ាងដូច្នេះថា «សូមជំរាបប្រិយមិត្ត ទាំងអស់ក្នុងហ្វេសប៊ុកថា​ អាខោននេះ (គណនី)មិនមែន ជាអាខោនពិតប្រាកដរបស់ខ្ញុំទេ​ មានគេយកឈ្មោះ និងរូបរបស់ខ្ញុំប្រើទៀតហើយ​ សូមលោកអ្នកជ្រាបជាដំណឹងផង​​។ សូមម្ចាស់អាខោននេះ មេត្តាយករូបនឹងឈ្មោះពិតប្រាកដ ប្រើតាមការគួរដោយខ្លួនឯងទៅ​ ត្រូវតែហ៊ានប្រឈមមុខ​ និងហ៊ានទទួលខុសត្រូវ នូវអ្វីដែលខ្លួន​ធ្វើ ទើបគេហៅមនុស្ស សូមអរគុណបងប្អូន ដែលឆាតមកសួរ​​»



គួរបញ្ជាក់ថា ហ្វេសប៊ុកដែលត្រូវបានជនអនាមិក យកឈ្មោះ និងរូបថតរបស់ តារាសម្ដែងជើងចាស់ លោកទេព រិន្ទដារ៉ូ នោះ មានឈ្មោះថា «Teprin Daro» ដែលនេះ មិនមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ លោក ទេព រិន្ទដារ៉ូ នោះទេ ខណៈដែលហ្វេសប៊ុកពិតរបស់លោក​ មានឈ្មោះថា Tep Rindaro និងជាហ្វេសប៊ុកដែលលោកប្រើប្រាស់ជាផ្លូវការសព្វថ្ងៃនេះ៕


ប្រភព​ : freshnews