trollkhmer news

នាវាបារាំងទទួលសញ្ញាពីប្រអប់ខ្មៅយន្តហោះរបស់អេហ្ស៊ីបដែលបានធ្លាក់

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០១:៥៥

នាវាបារាំងទទួលសញ្ញាពីប្រអប់ខ្មៅយន្តហោះរបស់អេហ្ស៊ីបដែលបានធ្លាក់

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងនៅយប់ថ្ងៃពុធនេះថា នាវាកងទ័ពជើងទឹកបារាំងមួយដែលបានចូលរួមក្នុងការស្វែងរកយន្តហោះអេហ្ស៊ីបដែលបានធ្លាក់កាលពីខែមុននៅសមុទ្រមេឌីទែរ៉ាណេបានទទួលសញ្ញាពីបាតសមុទ្រ ដែលអាចជាសញ្ញាពីប្រអប់ខ្មៅយន្តហោះ។ក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា នាវាបារាំង "La Place" របស់កងទ័ពជើងទឹកបារាំងបានទទួលសញ្ញាតាមរយៈឧបករណ៍ស្វែងរករបស់ខ្លួនពីបាតសមុទ្រក្នុងតំបន់ស្វែងរកបំណែកយន្តហោះ ហើយដែលត្រូវបានសន្មត់ថាជាសញ្ញាមកពីប្រអប់ខ្មៅ។


គួរបញ្ជាក់ថា យន្តហោះ Airbus A320 ដែលធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងគែរ បានបាត់ខ្លួនពីអេក្រង់រ៉ាដានៅថ្ងៃព្រហស្បតិ៍វេលាម៉ោង ២៖៤៥ ព្រឹក ដោយមានអ្នកដំណើរ ៦៦ នាក់នៅលើយន្តហោះ រួមមានជនជាតិអេហ្ស៊ីប ៣០ នាក់ និងបារាំង ១៥នាក់។កាលពីថ្ងៃទី២០ ខែឧសភាកងទ័ពអេហ្ស៊ីបបានរកឃើញបំណែកពីយន្តហោះក្រុមហ៊ុន EgyptAir ដែលបានធ្លាក់នៅចំងាយប្រមាណ ២៩០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងឆ្នេរសមុទ្រ Alexandria ។ ប្រតិបត្ដិការស្វែងរកជនរងគ្រោះនិងប្រអប់ខ្មៅកំពុងបន្តធ្វើ៕



ប្រភព​ : Cri ccfr