trollkhmer news
កងទ័ពអីរ៉ាក់វាយសម្រុកដល់មាត់ច្រកទីក្រុង Fallujah ដែលកាន់កាប់ដោយពួក ISIS
ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៣៩

កងទ័ពកម្លាំងពិសេសអ៊ីរ៉ាក់កាលពីថ្ងៃទី២៨ ឧសភា លុកចូលដល់ច្រកទ្វារទីក្រុងហ្វាល់លូចា ស្ថិតក្នុងកណ្តាប់ដៃក្រុមរដ្ឋអ៊ិស្លាមហើយ ខណៈដែលជនស៊ីវិលជាច្រើនសិបពាន់នាក់នៅតែជាប់ក្នុងទីក្រុងនេះនៅភាគខាងលិចអ៊ីរ៉ាក់ពុំអាចចេញទៅណារួច ។
ចំណែកនៅប្រទេសស៊ីរីជិតខាងវិញ ជនភៀសខ្លួនប្រមាណជា១៦៥.០០០នាក់ បើតាម អ.ស.ប ថា កំពុងរងការគំរាមកំហែងដោយសារការវាយលុកមួយរបស់ក្រុមរដ្ឋអ៊ិស្លាម ដែលអាចវាយបករុលទៅមុខនៅភាគខាងជើងប្រទេសក្បែរព្រំដែនតួកគី ដើម្បីដណ្តើមយកមូលដ្ឋាននានា ស្ថិតក្រោមការត្រួតត្រារបស់ពួកឧទ្ទាម ដែលគេហៅថា ពួកនិយមកណ្តាលគាំទ្រដោយសហរដ្ឋអាមេរិក និងពួកលោកខាងលិច ។
ជិតមួយសប្តាហ៍ក្រោយចាប់ផ្តើមការវាយលុក ដើម្បីដណ្តើមយកទីក្រុងហ្វាល់លូចា ស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រខាងលិចក្រុងបាដាដ ការលុកដល់ច្រកទ្វារទីក្រុងនេះរបស់កងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ កំណត់ពីដំណាក់កាលថ្មីមួយក្នុងការប្រយុទ្ធប្រឆាំងពួកជីហាដ បានន័យថា ការវាយលុកចូលទីក្រុងនេះ អាចធ្វើគ្រប់ពេល ។ កងកម្លាំងពិសេស កងកម្លាំងប៉ូលិសខេត្តអាល់អានបា ព្រមទាំងពួកយុទ្ធជនកុលសម្ព័ន្ធមូលដ្ឋានបានទៅដល់ជំរំ TAREK និងជំរំ MAZRAA នាភាគខាងត្បូង និងភាគខាងកើតក្រុងហ្វាល់លូចាហើយ ។ លោកអាប់ដែលវ៉ាហាប អាល់ សាអាឌី មេបញ្ជាការទទួលបន្ទុកធ្វើប្រតិបត្តិការរំដោះទីក្រុងហ្វាល់លូចា អះអាងប្រាប់ AFP ថា កងកម្លាំងទាំងនេះនឹងលុកចូលក្នុងទីក្រុងហ្វាល់លូចា នាប៉ុន្មានម៉ោងខាងមុខ ។
ទីក្រុងហ្វាល់លូចា ជាទីក្រុងធំអ៊ីរ៉ាក់ដំបូងគេធ្លាក់ក្នុងដៃក្រុមរដ្ឋអ៊ិស្លាម មុនការវាយលុកធំរបស់ក្រុមនេះ នាខែមិថុនា ឆ្នាំ២០១៤ ។ ការវាយដណ្តើមយកទីក្រុងនេះវិញ ជាមួយនឹងការវាយរំដោះទីក្រុងម៉ូសស៊ុល ភាគខាងជើងអ៊ីរ៉ាក់ ព្រមទាំងទីក្រុងរ៉ាកាភាគខាងជើងស៊ីរី ជាទិសដៅធំរបស់ក្រុមចម្រុះអន្តរជាតិ ។ការវាយលុកដណ្តើមយកក្រុងហ្វាល់លូចា ចាប់ផ្តើមពីយប់ថ្ងៃទី២២មក២៣ ឧសភា ដោយកងកម្លាំងអ៊ីរ៉ាក់ជាច្រើនសិបពាន់នាក់ជាមួយការជួយទ្រទ្រង់របស់ក្រុមចម្រុះអន្តរជាតិ ៕

Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត