trollkhmer news

រដ្ឋតិចសាស់ជម្លៀសអ្នកទោសប្រមាណ ២៦០០ នាក់ ដោយសារគ្រោះទឹកជំនន់គំរាមកំហែងពន្ធនាគារ

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៣០

រដ្ឋតិចសាស់ជម្លៀសអ្នកទោសប្រមាណ ២៦០០ នាក់ ដោយសារគ្រោះទឹកជំនន់គំរាមកំហែងពន្ធនាគារ

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា រដ្ឋតិចសាស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមជម្លៀសអ្នកទោសប្រមាណ ២៦០០ នាក់ ពីពន្ធនាគារចំនួនពីរកន្លែង ដែលនៅក្បែរទន្លេ Brazos ដោយសារមានការគំរាមកំហែងពីទឹកជំនន់។


នាយកដ្ឋានយុត្តិធម៌រដ្ឋតិចសាស់បានឱ្យដឹងថា ពន្ធនាគារ Terrell និង Stringfellow ក្នុងក្រុង Rosharon ភាគខាងត្បូងទីក្រុងហូស្តុនបានចាប់ផ្តើមជម្លៀសអ្នកទោសកាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលអ្នកទោសនៅពន្ធនាគារ Ramsey មួយចំនួននឹងត្រូវផ្លាស់ទៅនៅក្នុងអាគារធំនៃពន្ធនាគារ។នៅពេលជាមួយគ្នានោះដែរទីក្រុង Huntersville ជាទីក្រុងមួយនៅភាគអាគ្នេយ៍រដ្ឋតិចសាស់និងជាទីស្នាក់ការកណ្តាលនៃនាយកដ្ឋានយុត្តិធម៌រដ្ឋតិចសាស់ កំពុងប្រឈមមុខជាមួយកម្រិតទឹកឡើងខ្ពស់ហៀរច្រាំងទន្លេ Brazos។


គួរបញ្ជាក់ថា ខ្យល់ព្យុះខ្លាំងបានវាយប្រហារនៅភាគអាគ្នេយ៍រដ្ឋតិចសាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបណ្តាលឱ្យមនុស្សបួននាក់ស្លាប់និងខូចខាតផ្ទះជាច្រើន។ ភ្នាក់ងារអាកាសធាតុបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងចូលមកដល់នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕





ប្រភព​ : Cri ccfr