trollkhmer news

លោក Wenger ៖ តង់ទីមួយយើងភ្លាត់ស្នៀតបន្តិច តែយើងបានកែសម្រួលស្ថានការបានល្អឡើងវិញ

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៤:៣៩

លោក Wenger ៖ តង់ទីមួយយើងភ្លាត់ស្នៀតបន្តិច តែយើងបានកែសម្រួលស្ថានការបានល្អឡើងវិញ

ក្រុមកាំភ្លើងធំ Arsenal ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League បន្ទាប់ពីតាមស្មើពីការនាំមុខ ២គ្រាប់មុន របស់ម្ចាស់ផ្ទះ CSKA Moscow នៅរុស្ស៊ីយប់ថ្ងៃព្រហស្បតិ៍ទី១២ខែមេសា ដើម្បីឈ្នះក្នុងគ្រាប់បាល់សរុប ៦-៣។ក្រុមលោក Arsene Wenger ដែលបានឈ្នះ ៤-១ ក្នុងជើងទី១ នៅអង់គ្លេស ស្ទើរតែត្រូវ CSKA តាមស្មើគ្រាប់បាល់សរុប និងមានភាពគ្រាប់បាល់ក្រៅផ្ទះទៅហើយ នៅពេលកីឡាករ Fedor Chalov និង Kirill Nababkin ស៊ុតនាំមុខក្នុងនាទី៣៩និង៥០។ រួចកីឡាករ Aleksandr Golovin ស៊ុតហ៊្វ្រីឃីកយ៉ាងល្អតែត្រូវ Petr Cech សង្គ្រោះបាន មុន Sergei Ignashevich ស៊ុតខុសទីបន្តិច។



Arsenal គ្មានការស៊ុតចំគោលដៅរហូតដល់នាទី៧០ ខណៈប្រធានក្រុម Laurent Koscielny ខ្ទះខ្ជាយឱ្យល្អ មុន Danny Welbeck ស៊ុតតាមពីក្រោយ ១គ្រាប់ ក្នុងនាទី៧៥។ គ្រាប់បាល់របស់ Aaron Ramsey ក្នុងនាទីចុងក្រោយ ធានាការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ Arsenal រួមជាមួយ Atletico Madrid, Marseille និង Red Bull Salzburg។



លោក Wenger និយាយថា ក្រុមរបស់លោកភ្ញាក់ផ្អើលបន្តិចដែរ ចំពោះសមត្ថភាពនៃការលេងនៅពេលចាប់ផ្ដើម។ លោកទទួលស្គាល់ថា ក្រុមរបស់លោកស្ថិតក្នុងបញ្ហាក្នុងតង់ទី១ ហើយចម្ងាយពីគ្នាគឺធំពេក។ នៅពេលតាមបាន ២-១ លោកមើលឃើញថា ក្រុមអាចតាមស្មើ ២-២ បាន រួចក៏ធ្វើបានមែន។



សូមបញ្ជាក់ថា នេះជាការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុបជាលើកទី១ របស់ Arsenal តាំងពីរដូវកាល២០០៨-០៩មក ដែលកាលណោះពួកគេធ្វើបានក្នុងពាន Champions League។ កន្លងមក​អង់គ្លេសមានក្រុម៤ ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League គឺ Fulham ក្នុងឆ្នាំ២០១០, Liverpool ក្នុងឆ្នាំ២០១០និង២០១៦, Chelsea ក្នុងឆ្នាំ២០១៣ និង Man Utd ក្នុងឆ្នាំ២០១៧៕




ប្រែសំរួលដោយ : TK