trollkhmer news

របស់យក្ស ៥ នឹងបង្ហាញខ្លួននៅសង្រ្កាន្តនាខេត្ត ព្រៃវែង

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៤:០៧

របស់យក្ស ៥ នឹងបង្ហាញខ្លួននៅសង្រ្កាន្តនាខេត្ត ព្រៃវែង

របស់យក្សចំនួន៥ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង ក៏ដូចជាភ្ញៀវទេសចរជាតិ មកពីបណ្តាខេត្តផ្សេងដែលត្រៀមនឹងទៅទស្សនាកម្មវិធីសង្រ្កាន្តនៅខេត្តនោះ។ ក្រៅពីរបស់យក្សដែលមានដូចជា ឈ្នាង​យក្ស ទ្រូ​យក្ស អង្រុត​យក្ស ផ្កា​រំដួល​យក្ស និង​កណ្ដៀវ​យក្ស ជាដើម ក៏នឹងមានការបង្ហាញជូននៅការតុបតែងជាក្លោងទ្វារ ហើយនិងកម្មវិធីកម្សាន្តផ្សេងទៀតផងដែរ។



លោក ស សុខា តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុ​ប្រធាន​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា សង្ក្រាន្ត​ព្រៃវែង​ឆ្នាំ​២០១៨ រំពឹង​នឹង​មាន​ទេសចរ​ជាតិ-អន្តរជាតិ​ចូលរួម​ចន្លោះ​ពី ១៥​ម៉ឺន ទៅ ២០​ម៉ឺន​នាក់។ ព្រឹត្តិការណ៍​បែប​ប្រពៃណី​នេះ មាន​រយៈពេល​ចំនួន ៥​ថ្ងៃ​ជាប់​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​លើ​សួន​សម្ដេច ជា ស៊ីម ស្ថិត​ក្នុង​ក្រុង​ព្រៃវែង។



ចំណែក​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា លោក​មាន​មោទនភាព​ណាស់ ដែល​ខេត្ត​ព្រៃវែង​បាន​បង្កើត​កម្មវិធី​កម្សាន្ត​យ៉ាង​ដូច្នេះ។ លោក​បន្ត​ថា ព្រៃវែង​ជា​ខេត្ត​កសិកម្ម មិន​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ទេ ហើយ​ពេល​ចូល​ឆ្នាំ​ម្ដងៗ ប្រជាជន​ភាគ​ច្រើន​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​លេង​កម្សាន្ត៕







ប្រែសំរួលដោយ : TK

ប្រភព​ : BTV