trollkhmer news

ជនជាតិចិនតៃវ៉ាន់ ២នាក់ រួមទាំងខ្មែរ ២នាក់ដែលជាមេខ្លោងជួយដូរថ្នាំញៀន និងកែច្នៃថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវបានបង្ហាញមុខនៅស្នងការនគរបាលជាតិ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៤:២៤

ជនជាតិចិនតៃវ៉ាន់ ២នាក់ រួមទាំងខ្មែរ ២នាក់ដែលជាមេខ្លោងជួយដូរថ្នាំញៀន និងកែច្នៃថ្នាំញៀនទ្រង់ទ្រាយធំ  ត្រូវបានបង្ហាញមុខនៅស្នងការនគរបាលជាតិ

ព្រឹកមិញនៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើសន្និសីទ​សារព័ត៌ ស្តីពីការបង្ក្រាបការជួយដូរ និងកែច្នៃថ្នាំញៀនក្នុងទ្រង់ទ្រាយធំ ដោយមេខ្លោង​ជួញដូរ​គ្រឿងញៀន​៤​នាក់ (​ចិន​២​នាក់ និង​ខ្មែរ​២​នាក់​) រួម​ទាំង​ថ្នាំញៀន​ជាង ២៦​គីឡូក្រាម ត្រូវបាន​ឃាត់ខ្លួនដោយមន្ទីរ​ប្រឆាំង​គ្រឿងញៀន ។​

​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បាន​ថ្លែងថា ក្រុម​កែច្នៃ​គ្រឿងញៀន​នេះ ត្រូវ​បង្ក្រាប​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​ការណែនាំ​ពី នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ការងារ​គ្រឿងញៀន និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​។​



​លោក​ឧត្តមសេនីយ៍​នាយកម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា ជនសង្ស័យ​៤​នាក់ ទី​១៖​ឈ្មោះ លី ហុង​អ៊ី ( Lee Hong Yu) ជនជាតិ​ចិន ទី​២៖​ឈ្មោះ ស៊ី យ៉ាង​ហ្វុង (Hsu Yao Feng) ជនជាតិ​ចិន ទី​៣៖​ឈ្មោះ ឈរ ប៊ុន​ឆាយ និង​ទី​៤៖​ឈ្មោះ សំ កុក​ឈាង ដែល​បង្ក្រាប​នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា ដោយ​គោលដៅ​ទី​១ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​អង្គរ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ គោលដៅ​ទី​២ ផ្ទះ​លេខ​១២២ ផ្លូវ​លេខ​២ ក្នុង​បុរី​កាំកូ​ស៊ីធី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ និង​គោលដៅ​ទី​៣ ផ្ទះ​លេខ​១១២E2 ផ្លូវ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។ កម្លាំង​នគរបាល​ជំនាញ​ដកហូត​បាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ១៨,១៦៦​គីឡូក្រាម ហេ​រ៉ូ​អ៊ីន​២១៧,៨៣​ក្រាម និង​កេតា​មិន ៨,៣៨៣​គីឡូក្រាម សរុប​២៦,៧៦៨​គីឡូក្រាម​។​



​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ពោល​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ បាន​២.១៦៦​ករណី ឃាត់ខ្លួន​៤.៣០៤​នាក់ ស្រី​៣៧៣​នាក់ ក្នុងនោះ​ករណី​ជួញដូរ រក្សាទុក កែច្នៃ ដាំ​ដុះ ១.៣៨០​ករណី ប្រើប្រាស់​៧៨៦​ករណី អនុវត្ដ​ន៍​ដីកា​៧៤​ដីកា រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ ៦៤​គីឡូក្រាម និង​២៥៦​កញ្ចប់ កញ្ឆា​ក្រៀម​២២​គីឡូក្រាម និង​១២២.៦៩៤​ដើម និង​សម្ភារៈ​ចាប់​យក​មាន​រថយន្ដ​២៣​គ្រឿង ម៉ូតូ​៦២៦​គ្រឿង ទូរស័ព្ទ​១.៥១១​គ្រឿង ជញ្ជីង​៨៣​គ្រឿង អាវុធខ្លី ៧​ដើម និង​អាវុធ​វែង ៧​ដើម​។​ ​ជនសង្ស័យ​ទាំង​អស់ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕





អត្ថបទដោយ TK