trollkhmer news

៤ ចំនុចនេះដែលធ្វើឲ្យកង់បីរបស់ប្រទេស ឥណ្ឌា មានគេគាំទ្រខ្លាំង ហើយយកឈ្នះទៅលើកង់បីអត់ស្តង់ដាផលិតនៅក្នុងស្រុក

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៩:៤៩

៤ ចំនុចនេះដែលធ្វើឲ្យកង់បីរបស់ប្រទេស ឥណ្ឌា មានគេគាំទ្រខ្លាំង ហើយយកឈ្នះទៅលើកង់បីអត់ស្តង់ដាផលិតនៅក្នុងស្រុក

ដូចដែលយើងបានឃើញស្រាប់ហើយ នៅតាមដងវិថីក្នុងទីក្រុងភ្នំពេញឥលូវគឺសម្បូរទៅដោយកង់បីដែលផលិតដោយប្រទេស ឥណ្ឌា ត្រូវបានរត់ដឹកមនុស្សពីកន្លែងមួយទៅកន្លែងមួយ ហើយកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង ខណៈដែលកង់បីរបស់ខ្មែរដែលត្រូវបានផលិតដោយគ្មានស្តង់ដានោះកំពុងតែសល់ដង្ហើមចង្រិត។ ដោយហេតុនេះបានជាមានមនុស្សមួយចំនួនបានបញ្ចេញទស្សនៈ ឫយោបល់ផ្សេងៗគ្នាពីបញ្ហាដែលនាំឲ្យមានការនិយមជិះកង់បីផលិតផលរបស់ប្រទេសឥណ្ឌា ជាងផលិតផលដែលធ្វើក្នុងស្រុក។ ថ្ងៃនេះពត៌មានត្រូលខ្មែរសូមលើកយកមតិរបស់អ្នកលេងបណ្តាញសង្គមម្នាក់ដែលបានលើកឡើងប៉ុន្មានចំនុចពីភាពអវិជ្ជមានរបស់របស់កង់បីផលិតនៅក្នុងស្រុក៖ 

ធ្វើឲ្យកង់បីឥណ្ឌាឆេះមួយរួចថតដាក់Facebook ? ប្រើវិធីសាស្រ្តមនោសញ្ចេតនាជាតិនិយម? អំពាវនាវឲ្យរដ្ឋលូកដៃជួយ? ជួយរួចទេ បើអត់សួរ អត់យល់ អត់ស្គាល់អំពីអ្នកជិះផង? ចង់ជួយទុកទុក តែអត់ព្រមនិយាយអំពីអ្នកជិះទុកទុក និងសហគមន៍ដែលជាខ្មែរដែរ តើជួយបានប៉ុន្មានទៅ?



អ្នកជិះខ្មែរ គេទៅគាំទ្រកង់បីឥណ្ឌា(ខ្មែរអ្នកបើក) ក៏មកពី ៤ ចំណុចដែលទុកទុកគ្មាន ឬមានមិនគ្រប់៖

១. តម្លៃថោក និងមិនបាច់ពិបាកតថ្លៃ ដោយសារកង់បីប្រើហ្គាស LPG: Liquefied Petroleum Gas ហើយគិតគីឡូម៉ែត្រ។ ទុកទុកធ្វើអត់បានទេ។

២. អ្នកបើកកង់បីឥណ្ឌាអត់ឈ្លើយ។ ឈ្លើយអត់រួច! ព្រោះមានឧបករណ៍ទំនាក់ទំនង ដើម្បីតាមដាន និងវាយតម្លៃអ្នកបើក ទីតាំងបើក ចំងាយបើក និងការបើកបរទូទៅជានិច្ច ។ ក្នុងនោះ អ្នកជិះអាចទូរស័ព្ទទៅប្រាប់ក្រុមហ៊ុនApp ដូចជា PassApp, WeGo, YouGo ជាដើម ដែលក្រុមហ៊ុនអាចនឹងផ្តាច់អ្នកបើក មិនឲ្យប្រើប្រព័ន្ធApp ក្នុងការរត់កង់បី។ ប្រព័ន្ធតាមដានវាយតម្លៃបែបនេះ ទុកទុកគ្មានទេ។ ឯណាទៅ សមាគមន៍អ្នករត់ទុកទុកខ្មែរ? មានគិតរឿងនេះទេ?

៣. ងាយរកគ្នាទៅវិញទៅមក មិនចាំយូរ តាមរយៈការហៅតាមapp លើsmart phone។

៤. ចំណុចមួយទៀត ដែលអ្នកធ្វើដំណើរតាមផ្លូវ គេគាំទ្រកង់បីឥណ្ឌា ហើយមិនក្តៅក្រហាយពេលគេធ្វើដំណើរពីក្រោយកង់បីឥណ្ឌា នោះគឺវាមិនខុសបច្ចេកទេស ។ កង់បីឥណ្ឌា មិនមានម៉ូតូនៅពីមុខ ដែលនឹងអាចធ្វើឲ្យអ្នកបើកច្រឡំថា ខ្លួនកំពុងតែជិះម៉ូតូឡើយ។ ហេតុនេះ អ្នកបើកកង់បីឥណ្ឌា មិនអាចចេះតែត្បុល ចេះតែរុលចូលក្រឡុកក្រលៀតដូចម៉ូតូបានទេ។ កង់បីឥណ្ឌាមានភ្លើងស៊ីញ៉ូឆ្វេងស្តាំដែលដំណើរការជានិច្ច ជាមួយប្រព័ន្ទភ្លើងត្រឹមត្រូវ បើខូចងាយនឹងជួសជល់ ងាយនឹងដូរគ្រឿងបន្លាស់ គឺមិនមែនភ្លើងភ្លិបភ្លែតរំលេចតែពណ៌អត់ប្រយោជន៍នោះទេ។ កង់បីឥណ្ឌាមានកញ្ចក់មើលទៅក្រោយ ដែលលៀនចេញមកចំហៀងខាងក្រៅ ធ្វើឲ្យអ្នកបើក អាចមើលមកក្រោយឃើញយ៉ាងងាយ។ រីឯផ្លាកលេខ វិញដាក់នៅក្រោយមើលឃើញច្បាស់​ ស្រួលគេដឹងនិងតាមដាន ដែលខុសពីទុកទុកខ្មែរ ដាក់ផ្លាកលេខនៅគូទម៉ូតូ បាំងដោយរ៉ឺម៉កពីក្រោយជិតឈឹង។



ចំណុចទាំង៤នេះ ជាការពិត បើចង់ជួយទុកទុកខ្មែរប្រជែងនឹងកងបីឥណ្ឌា ត្រូវគិតអំពីចំណុចទាំងនេះ។ តែបើមិនអាចប្រជែងបាន មានដំណោះស្រាយពីរផ្សេងទៀតគឺ៖ ទី១ ប្រើ Niche Strategy គឺរត់ទុកទុក ទៅកន្លែងណា រកភ្ញៀវណា រកទំនិញណា ដែលកង់បីឥណ្ឌាធ្វើអត់កើត ឬមិនចាប់អារម្មណ៍។ ឧ. ទុកទុកអាចបំរើសេវាទេសចរណ៍ឲ្យក្រុមហ៊ុនណាមួយ ឬក្នុងតំបន់ទេសចរណ៍ណាមួយដែលគ្មានកង់បីឥណ្ឌា។ ទុុកទុកអាចដឹកតែភ្ញៀវបរទេស ដែលមិនខ្វល់អំពីតម្លៃ។ ទុកទុកអាចដឹកទំនិញក្នុងបរិមាណច្រើន ឬធំ ដែលកង់បីឥណ្ឌាពិបាកធ្វើ។ និងចុងក្រោយ វិធីទី២ គឺលក់ទុកទុក ទិញកង់បីរត់វិញ ដើម្បីរស់ចិញ្ចឹមកូនប្រពន្ធ។







ប្រែសំរួលដោយ : TK

ប្រភព​ : Reksmey Ok