trollkhmer news

កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ដោយសារឥទ្ធិពលខ្យល់បក់ពីសមុទ្រចិនខាងត្បូង

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៥:៤៩

កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ដោយសារឥទ្ធិពលខ្យល់បក់ពីសមុទ្រចិនខាងត្បូង

(ភ្នំពេញ)៖ កម្ពុជានឹងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយសារតែទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង)។

តាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា «ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រ ចិនខាងត្បូង)»

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា យោងតាមការព្យាករឥទ្ធិពល របស់ខ្យល់ខាងលើ នឹងបង្កឲ្យមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២២ ខែមីនា នៅតាមបណ្ដាខណ្ឌ-ស្រុក-ក្រុង មួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង​ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹក បានបន្ដថា បណ្ដារាជធានី-ខេត្ត ដែលមានភ្លៀងកក់ខែ សីតុណ្ហភាពអតិបរមា នឹងថយចុះ មកនៅក្នុងរង្វង់ ៣៣-៣៤ អង្សាសេ ឯបណ្ដាខេត្តដទៃទៀត សីតុណ្ហភាព អតិបរមា នឹងស្ថិតក្នុងរង្វង់ ៣៥-៣៦ អង្សាសេ៕

ខាងក្រោមនេះ​ ជាក្រដាសព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម៖