trollkhmer news

បិទកន្លែងបញ្ចាំងកុន «Home Cinema» នៅខណ្ឌចំការមន ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែពូកដេក

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១០:៥០

បិទកន្លែងបញ្ចាំងកុន «Home Cinema» នៅខណ្ឌចំការមន ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែពូកដេក


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅត្រួតពិនិត្យ និងបិទចោលតែម្តង ទីកន្លែងបញ្ចាំងកុន «Home Cinema» ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន អាចប្រព្រឹត្តសកម្មភាពអ្វីផ្សេងៗបាន។




សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលសមត្ថកិច្ចចុះពិនិត្យនៅខាងក្នុងបន្ទប់មើលកុននីមួយៗ ឃើញថា មានសុទ្ធតែដាក់ពូកដេកទៀតផង ហើយភាគច្រើនបំផុតនោះ ជាកន្លែងប្រមូលផ្តុំដោយក្រុមយុវវ័យ (សិស្សសាលា) ទាំងស្រីទាំងប្រុស និងខ្លះទៀតជាសង្សារ បានចូលទៅមើលកុន ក្នុងបន្ទប់បិទជិតនេះ។



យ៉ាងណាក៏ដោយ សម្រាប់ក្រុមយុវវ័យមិនទាន់គ្រប់អាយុ ដែលសមត្ថកិច្ចបានឆ្មក់ចូលទៅឃើញនោះ គ្រាន់តែហៅអាណាព្យាបាលមកធានាតែប៉ុណ្ណោះ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕



ប្រែសំរួលដោយ : trollkhmer