todaykh news

កិច្ចស៊ើបសួររបស់តុលាការប្រឆាំង មាស មុត ក្នុងសំណុំរឿង០០៣ ត្រូវបានបិទបញ្ចប់

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៨:០០

កិច្ចស៊ើបសួររបស់តុលាការប្រឆាំង មាស មុត ក្នុងសំណុំរឿង០០៣ ត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានជូនដំណឹងទៅភាគីទាំងអស់នៃសំណុំរឿង ០០៣ ថាកិច្ចស៊ើបសួររបស់តុលាការនៅក្នុងសំណុំរឿង០០៣ នេះ បានបិទបញ្ចប់ ហើយភាគីពាក់ព័ន្ធនានាមានរយៈពេល៣០ ថ្ងៃ ដើម្បីស្នើសុំការស៊ើបសួរបន្ថែមទៀត នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៧។

តាមសេចក្តីប្រកាសព័ត៌មាននោះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិក៏បានចេញសេចក្តីសម្រេចផ្សេងមួយទៀតដែលកាត់បន្ថយវិសាលភាពនៃការស៊ើបសួររបស់តុលាការពាក់ព័ន្ធនឹង មាស មុត អនុលោមតាមវិធាន៦៦ស្ទួននៃវិធានផ្ទៃក្នុង ហើយសេចក្តីជូនដំណឹងថ្ងៃនេះ គឺជាការបិទបញ្ចប់កិច្ចស៊ើបសួររបស់តុលាការ ដែលធ្វើឡើងរយៈពេលជាង៨ ឆ្នាំ លើ មាស មុត ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃ ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩។ ការស៊ើបសួរប្រឆាំង មាស មុត បានបើកកិច្ចដំណើរការនីតិវិធី បន្ទាប់ ពីទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលើកទី ២ ដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០០៩។ ក្រោយមក វិសាលភាពនៃការស៊ើបសួរនេះ ត្រូវបានពង្រីកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានដាក់កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៤។

កិច្ចស៊ើបសួរប្រឆាំងនឹងអតីតសហជនសង្ស័យមួយរូបទៀត ឈ្មោះ ស៊ូ ម៉េត ត្រូវបានបិទ បន្ទាប់ពីគាត់បានស្លាប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៥។ សហចៅក្រមស៊ើបអង្កេតជាតិ សូមកត់សម្គាល់ និងរំលឹកឡើងវិញថា សហចៅក្រមស៊ើបអង្កេតជាតិ និងអតីតសហចៅក្រមស៊ើបអង្កេតអន្តរជាតិ Siegfried Blunk បានបិទ និងចេញសេចក្តីថ្លែងការរណ៍ បិទកិច្ចស៊ើបសួរក្នុងសំណុំរឿង០០៣ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១។ សហចៅក្រមស៊ើបអង្កេតជាតិ បានចេញដីកាបញ្ជូនសំណុំរឿងមូលទៅពិនិត្យតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ មកម្ល៉េះ៕

ប្រែសំរួលដោយ : Trollkhmer