trollkhmer news

ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ គឺលែងយកលុយហើយ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:១៣

ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ គឺលែងយកលុយហើយ

ភ្នំពេញ ៖
ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់តម្លៃការផ្តល់សេវា រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីយកថវិកាជាប្រយោជន៍ដល់ប្រទេសជាតិ។ ដោយនៅក្នុងប្រកាសអន្តរក្រសួងបានលុបចោលថ្លៃសេវាសម្រាប់ការងាររដ្ឋបាលមួយចំនួន
គឺមិនយកលុយពីប្រជាពលរដ្ឋនោះទេ។
សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដែលមិនយកកម្រៃពីប្រជាពលរដ្ឋមានដូចជា ៖
* ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយ ប្រជាពលរដ្ឋខ្មែរ
* ការផ្តល់សៀវភៅស្នាក់នៅ
* ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ
* ការផ្តល់សៀវភៅគ្រួសារ
* ទុតិយតា និងតតិយតា សៀវភៅគ្រួសារ
* ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅ គ្រួសារ
* ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
* ទុតិយតា ឬតតិយតា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
នៅក្នុងប្រកាសអន្តរក្រសួងបានឲ្យដឹងថា អនុញ្ញាតឲ្យក្រសួងមហាផ្ទៃអនុវត្តការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ សេវារដ្ឋបាលដែលផ្តល់ដោយក្រសួងមហាផ្ទៃ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋាបាល ដែលមានវាយលម្អិតអំពីតម្លៃសេវា រយៈពេលអតិបរមា នៃការផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវារដ្ឋបាលនិមួយៗ។ ក្រសួងមហាផ្ទៃត្រូវបិទផ្សាយជាសាធារណៈ ពិសេសនៅកន្លែងផ្តល់សេវានូវស្តង់ដារសេវារដ្ឋបាល ក្នុងនោះរួមមាន៖
តារាងកម្រងសេវារដ្ឋបាល ទម្រង់ឯកសារ នីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង់ កម្រៃសេវារដ្ឋាបាល។  ក្រសួងមហាផ្ទៃត្រូវរៀបចំឲ្យមានកន្លែងទទួលពាក្យបណ្តឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដាសេវា ឬមានការយកកម្រៃលើសពីការកំណត់ ឬមានការយឺតយ៉ាវហួសរយៈពេលអតិបរមា នៃការផ្តល់សេវាជាដើម។
ក្រសួងមហាផ្ទៃមានភារកិច្ចប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រាក់ចំណូលដែលប្រមូលបាន បង់ប្រាក់ចំណូលចូលថវិកាជាតិ និងធ្វើសលាកប័ត្រចំណូលនៅក្នុងជំពូក គណនី អនុគនី នៃមាតិកាចំណូលថវិកា។ រាល់ការទទួលប្រាក់ចំណូលពីកម្រៃសេវារដ្ឋាបាលដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឲ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់និងសារាចរណ៍ណែនាំស្តីពីការគ្រប់គ្រងបង្កាន់ដៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងមហាផ្ទៃត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការនៅកន្លែងផ្តល់សេវា ដែលមានលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមការកំណត់។

ប្រែសំរួលដោយ : trollkhmer